រតនគិរី៖ លោក ជួប វណ្ណរក្ស អធិការ នគរបាលស្រុកអូរយ៉ាដាវ បានរងនូវបណ្តឹងរបស់ម្តាយនារីម្នាក់ដែលអះអាងថាខ្លួនបានរងគ្រោះដោយការចាប់រំលោភសេពសន្ថវៈ និងគំរាមបាញ់សម្លាប់។ស្ត្រីជនរងគ្រោះ បានទាមទារសំណងរដ្ឋប្បវេណីពីលោក អធិការរូបនេះ២ម៉ឺនដុល្លារអាមេរិក ។
ក្នុងពាក្យបណ្ដឹងរបស់ម្តាយនារីរងគ្រោះ បានឲ្យដឹងថា កាលពី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោងប្រហែល០៨:០០នាទីយប់ កូនស្រីរបស់ខ្លួនឈ្មោះ នាង លីតតា អាយុ២១ឆ្នាំ ដែលមានស្មារតី មិនពេញលក្ខណៈ បានដើរចេញពីផ្ទះដើម្បីរកទិញអីហូប ស្រាប់តែជួបនឹងឈ្មោះ ចរ ប៊ុនសៃ ជាមន្ត្រីនគរបាលនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ បានបបួលកូនរបស់គាត់ ហូបអីនៅកន្លែងភោជនីយដ្ឋានជំនោររាត្រី និងចូលរួមផឹកស៊ីផងដែរពីលោកអធិការ ជួប វណ្ណរក្ស ដែលនាំគ្នាបញ្ច្រកស្រាបៀរ បណ្តាលឲ្យកូនស្រីរបស់គាត់ស្រវឹងបាត់បង់ស្មារតី រួចហើយអធិការរូបនេះបានយកនាង ជិះរថយន្តម៉ាកហាយឡេឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ៨១៨០ ចូលបន្ទប់ផ្ទះសំណាក់រតនៈជូលី នៅផ្សារស្រុកបរកែវ ពេលនោះឈ្មោះ ជួប វណ្ណរក្ស បានធ្វើសកម្មភាពរំលោភសេពសន្ថវៈមកលើកូននាងខ្ញុំរហូតសម្រេច ។
ជុំវិញពាក្យបណ្ដឹងរបស់ម្ដាយនារីរងគ្រោះខាងលើនេះ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្ដរតនគិរី លោក លីវ ស្រេង បានអះអាងថា លោកមិនទាន់បានពិនិត្យឃើញពាក្យបណ្ដឹងនេះនៅឡើយទេ ទំនងជាស្ថិតនៅការិយាល័យរបស់លោកនៅឡើយ ។
ក្នុងការចោទប្រកាន់ខាងលើត្រូវបានលោក ជួប វណ្ណរក្ស អធិការស្រុកអូរយ៉ាដាវបានឲ្យអ្នកសារព័ត៌មានដឹងនៅ ព្រឺកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥នេះ ថាលោកមិនបានប្រព្រឺត្តិដូចការចោទប្រកាន់នោះទេ ។លោកអះអាងថាក្នុងករណីនេះដោយមានការញុះញុង និងមានមនុស្សនៅពីក្រោយខ្នង ចង់ដណ្ដើមអំណាចរបស់គាត់ ។
អធិការស្រុកអូរយ៉ាដាវបានបន្តថា លោកគ្មានចេតនាទៅរំលោភនារីរងគ្រោះ ដូចការចោទប្រកាន់នោះទេ ព្រោះក្មេងស្រីនេះដើរលេងពេលយប់ ដេកតាមផ្លូវដូចមនុស្សញៀនថ្នាំ។ ចំណែកគាត់ជាអ្នកមានមុខមាត់ និងជាមន្ត្រីរាជការផងមិនអាចប្រព្រឹត្តិដូចពាក្យចោទប្រកាន់នោះឡើយ ។
ដោយឡែក ម្ដាយរបស់នារីរងគ្រោះ អ្នកស្ដ្រី សេន ស៊ីលឹក បានច្រានចោលថា គ្មានអ្នកនៅពីក្រោយខ្នង និងអ្នកញុះញង់នោះឡើយ ពោលគឺការដាក់ពាក្យបណ្ដឹងនេះ ចេញពីសណ្ដានចិត្ដ ពិតប្រាកដរបស់ខ្លួន ដែលលោកអធិការស្រុកអូរយ៉ាដាវ បានប្រព្រឹត្តិលើក្មេងស្រី ៕