កម្ពុជាអាចបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននៅពាក់កណ្ដាលឆ្នាំនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2020 ក+ ក-

យោងតាមអ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោកស៊ាង ថៃ បានអោយដឹងថា គិតមកដល់ពេលនេះ ការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានឈានដល់ដំណាក់កាលចរចាជុំទី២ហើយ ហើយការចរចាជុំទី២នេះ ក៏បានបញ្ចប់រួចរាល់កាលពីថ្ងៃទី០៩ ខែ មេសា ឆ្នាំ ២០២០តាមរយៈវីដេអូអនឡាញ ព្រោះតែបញ្ហាកូវីដ ទើបភាគីមិនអាចជួបផ្ទាល់និងតម្រូវអោយចរចាតាមរយៈវីដេអូអនឡាញវិញ ។ ដោយឡែកកិច្ចចរចាបន្ទាប់ភាគីទាំងពីរនឹងជំរុញអោយបានលឿនបំផុតគឺនៅត្រឹមខែមិថុនា ឆ្នាំ ២០២០នេះ ទៅតាមការគ្រោងទុក ។

លោកបានបន្តថា នៅក្នុងការចរចាជុំទីពីរ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់និងចរចាយ៉ាងសកម្ម ហើយបានឯកភាពគ្នាលើជំពូកមួយចំនួន ដូចជាជំពូកទាក់ទងនឹងកិច្ចសហប្រតិបត្តិការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស កិច្ចសហប្រតិបត្តិគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។ ក្នុងនោះដែរក្រុមការងារបានចរចានិងឯកភាពជាគោលការណ៍លើបញ្ហានានា ដែលមិនទាន់បានដោះស្រាយមួយចំនួន ព្រមទាំងបានកំណត់គោលការណ៍ និងដាក់ទិសដៅអោយក្រុមការងារតូចៗទាំង១០យកទៅ ពិភាក្សាបន្តហើយរាយការណ៍មិនអោយលើសពីពាក់កណ្ដាលខែឧសភា ២០២០នេះ ដើម្បីប្រធានក្រុមចរចានៃភាគីនីមួយៗយកទៅ ពិភាក្សាផ្ទៃក្នុងរៀងៗខ្លួន ។

បើតាមមន្ត្រី ជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកន្លងមកលោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន និងផ្ដល់អត្ថប្រយោជន៍ដល់កម្ពុជានូវឱកាសនាំចេញទៅកាន់ប្រទេសចិនជាច្រើនមុខទំនិញ ហើយនឹងអាចជំរុញដល់ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនផងដែរ ។

បើតាមមន្ត្រីរូបនេះថា ចិនគឺជាទីផ្សារធំមួយសម្រាប់ទំនិញកម្ពុជា ក៏ប៉ុន្តែកន្លងមក កម្ពុជាមិនបាននាំចេញទៅចិនច្រើននោះទេ គឺដោយសារតែរបាំងភូតគាមអនាម័យ និងស្ដង់ដារផលិតផល ជាក់ស្ដែងទំនិញកសិផលដែលកម្ពុជានាំចេញទៅចិនមានតែប៉ុន្មានមុខប៉ុណ្ណោះ ដូចជាអង្ករ ដំឡូងមី និង ចេកជាដើម ខណៈកម្ពុជានៅមានផលិតផលកសិកម្មជាច្រើនទៀតត្រូវការទីផ្សារធំៗដូចប្រទេសចិន ។

គួរបញ្ជាក់ថា ប្រទេសចិន គឺជាប្រភពធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេសក៏ដូចជាភ្ញៀវទេសចរមកកាន់កម្ពុជា។ ចិនក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់កម្ពុជាផងដែរ នាពេលបច្ចុប្បន្ន ។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិន មានចំនួនសរុបប្រមាណ ៦,៥ពាន់លានដុល្លារ កើនឡើង១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលមានតម្លៃត្រឹមតែ ៥,៦ពាន់លានដុល្លារ។ នៅក្នុងឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ កើនឡើងដល់ចំនួន ៨,២ពាន់លានដុល្លារ ដែលកើនឡើងលើសឆ្នាំ២០១៨ ដល់ទៅប្រមាណ២៧ភាគរយ ។ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសកម្ពុជា និងចិន នឹងអាចជំរុញអោយទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែមានសន្ទុះកើនឡើងមួយកម្រិតទៀតផងដែរ ជាពិសេសគឺការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន ៕