ភ្នំពេញ៖ភរិយាថោង សារ៉ាត់ ដែលជាប់ ពាក់ព័ន្ធនឹងការបាញ់សម្លាប់ឧកញ៉ាម្នាក់រួមជាមួយក្រុមគ្រួសារអង្គរក្សរបស់លោក ថោង សារ៉ាត់ បានស្រែកទ្រហោយំក្នុងវីដេអូឃ្លីបមួយ អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកយុត្តិធម៌ ដោយអះអាងថាស្វាមីរបស់ខ្លួនមិនបានប្រព្រឹត្តដូចការ ចោទប្រកាន់នោះទេ។
VODបានសរសេរនៅថ្ងៃនេះថា វីដេអូឃ្លីបមួយដែលពោរពេញដោយសំឡេងស្រែកយំរកយុត្តិធម៌ត្រូវបានផ្សព្វផ្សាយនៅថ្ងៃសុក្រនេះ។ ភរិយារបស់ លោក ថោង សារ៉ាត់ លោកស្រី ទាវ ធីតា ព្រមទាំងក្រុមគ្រួសារ ភរិយារបស់អង្គរក្សលោក ថោង សារ៉ាត់ ព្រមទាំងក្រុមគ្រួសារ បានសុំអន្ត រាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ដោយលើក ឡើងថាលោក ថោង សារ៉ាត់ និងអង្គរក្សមិនបានពាក់ព័ន្ធនឹងការធ្វើឃាតឧកញ៉ា អ៊ឹង ម៉េងជឺ នោះទេ។
គួររំឭកថា តុលាការបានចោទលោក ថោង សារ៉ាត់ ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ពាក់ព័ន្ធនឹងការបញ្ជាឲ្យអង្គរក្សបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលវេលាម៉ោងជាង៧យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។ ចំណែកអង្គរក្ស៤នាក់របស់លោកត្រូវបានចោទប្រកាន់ពីបទ“ឃាតកម្មគិតទុក ជាមុននិងបទសមគំនិត” ។ អង្គរក្សទាំង៤នាក់នោះមានឈ្មោះ មាស សម្បត្តិ ឈ្មោះ សៀង វាសនា ឈ្មោះ កូយ ចាន់ថុល និងឈ្មោះ លី សៅរ៍ ។
ក្នុងវីដេអូឃ្លីបដែលមានមនុស្សប្រមាណ៥០០នាក់ចូលរួម ភរិយាលោក ថោង សារ៉ាត់ លោកស្រី ទាវ ធីតា បាននិយាយថាគ្រួសាររបស់លោកស្រីតែងតែរកស៊ីត្រឹមត្រូវតាមច្បាប់និង តែងតែជឿលើប្រព័ន្ធយុត្តិធម៌កម្ពុជា ទើបស្វាមីរបស់លោកស្រីបានវិលត្រឡប់មកកម្ពុជាវិញដើម្បីរកខុសត្រូវ។ លោកស្រីបន្តថាលោកនាយករដ្ឋមន្ត្រីបានរក យុត្តិធម៌ជូនអតីតពិធីការិនីទូរទស្សន៍ កញ្ញាសាសា ករណីហិង្សាពីសំណាក់ឧកញ៉ា សុខ ប៊ុន។
លោកស្រី ទាវ ធីតា បាននិយាយថាស្វាមីរបស់ខ្លួនបានកាន់អាវុធស្របច្បាប់ មិនដូចការកាត់ទោសរបស់តុលាការនោះទេ។ លោកស្រីនិយាយទាំងទ្រហោយំថា៖”…មានតែម្រាមដៃ ១០លើកប្រណមទទូចសុំអង្វរ សូមក្តីមេត្តាដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជា ឪពុកម្តាយទីពីររបស់យើងទាំងអស់គ្នា ជួយអំពាវនាវដល់តុលាការនិងប្រព័ន្ធច្បាប់បើកការស៊ើបអង្កេតឡើងវិញ កាត់ក្តីមិនលម្អៀងសំអាងលើច្បាប់និងភស្តុតាងជាគោលក្នុងការ ចោទប្រកាន់ខុសលើប្តីរបស់នាងខ្ញុំទាំងអស់គ្នា បង្កើតជាទុក្ខសោកវេទនា កូនព្រាត់ឪពុក ប្រពន្ធព្រាត់ប្តី គ្រួសាររងទុក្ខ ជីវភាពកាន់តែតោកយ៉ាក បាត់ភាពថ្លៃថ្នូរជាមនុស្សនិងបាត់កិត្តិយសជាស្ត្រីខ្មែរ…”។
ក្រុមគ្រួសាររបស់អង្គរក្សទាំងបួននាក់ក៏បានអំពាវនាវដល់លោកនាយក រដ្ឋមន្ដ្រី ហ៊ុន សែន ជួយរកយុត្តិធម៌ឲ្យស្វាមីរបស់ពួកគេដែលកំពុងជាប់ឃុំនៅពន្ធនាគារ ព្រៃស ដោយអះអាងថាស្វាមីរបស់ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់ របស់តុលាការនោះទេ ។
កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសលោក ថោង សារ៉ាត់ ឲ្យជាប់ពន្ធនាគារ២ឆ្នាំ៦ខែ ចំណែកឪពុកម្ដាយរបស់លោកជាប់ពន្ធនាគារចំនួន២ឆ្នាំនិងពិន័យអ្នក ទាំង៣ជាទឹកប្រាក់ម្នាក់៦លានរៀល ដោយចោទពីបទកាន់កាប់អាវុធដោយគ្មានលិខិតអនុញ្ញាត ។
រហូតមកដល់ពេលនេះ តុលាការមិនទាន់សម្រេចយ៉ាងណាករណីលោក ថោង សារ៉ាត់ ពាក់ព័ន្ធនឹងការចោទពីបទឃាតកម្មគិតទុកជាមុននោះទេ។ តាមបទចោទនេះ លោក ថោង សារ៉ាត់ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត។
កន្លងទៅ ឧកញ៉ា ថោង សារ៉ាត់ ដែលកំពុងជាប់ពន្ធនាគារក៏បានអំពាវនាវយ៉ាងទទូចសុំលោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន ជួយរកយុត្តិធម៌ឲ្យខ្លួន ដោយចាត់ទុកថានេះជាករណីទម្លាក់កំហុស ដើម្បីរំលាយគ្រួសាររបស់ លោក។
កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាលើកទី១ ដោយអំពាវនាវដល់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមឲ្យចាត់វិធានការ ជាបន្ទាន់លើសំណុំរឿងឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ ករណីតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នទាំងមាន ភាពមិនប្រក្រតី។ លោកមានប្រសាសន៍ថា៖”រដ្ឋាភិបាលបានប្រឹងដុតដៃដុត ជើង បញ្ជាកម្លាំងដើម្បីតាមរកឃាតកសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ។ ទីចុងបំផុតយើងសម្រេចចាប់បាននូវមួយសំបុក ។ រឿងដែលមិនយល់គឺនៅត្រង់ថា ឲ្យឪពុកម្តាយមេខ្លោងឃាតក ដែលបញ្ហាឃាតក ដែលជាប់ពិរុទ្ធភាពលើបទចោទនេះឲ្យនៅក្រៅឃុំ ហើយអានៅក្រៅឃុំនេះ បើធ្វើត្រូវនីតិវិធីវាមិនអីទេ ប៉ុន្តែវាខុសនីតិវិធីទៅទៀត” ។
នៅក្នុងវីដេអូឃ្លីបនោះ លោកស្រី ទាវ ធីតា បានលើកឡើងថា៖”ដោយ ឭគេថាសម្តេចតេជោបានស្រែកទៅហើយ គ្មាននរណាអាចតវ៉ាបានទេ បើ ទោះជាមានភស្តុតាងបញ្ជាក់ថាមិនបានប្រព្រឹត្តឬពាក់ព័ន្ធ យ៉ាងណាក៏ ដោយ”៕
ភរិយាលោក ថោង សារ៉ាត់ លោកស្រី ទាវ ធីតា ទ្រហោយំ សុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី(រូបថតពីវីដេអូឃ្លីប)