ភ្នំពេញ៖បុរសវ័យកណ្តាលម្នាក់ និងស្ត្រី២នាក់ ត្រូវសមត្ថកិច្ចចម្រុះខណ្ឌឬស្សីកែវឃាត់ខ្លួនពីបទពាក់ព័ន្ធការទិញ លក់ពេស្យាចារនារីវ័យជំទង់មិនទាន់គ្រប់អាយុតម្លៃមួយពាន់ដុល្លារ។
លោក កែវ ធា នាយការិយាល័យប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន នៃស្នងការរដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែសីហានេះថា សមត្ថកិច្ចរបស់បានរួមសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌឬស្សីកែវ ចុះចាប់ខ្លួនបុរសម្នាក់ និង ស្ត្រីជាម្តាយមីង២នាក់ផ្សេងទៀត ពីបទបង្ខាំង និងអូសទាញពេស្យាចារកុមារ ។
ប្រភពដដែលបន្តថា ជនល្មើសជាស្ត្រីម្តាយមីងទាំង២ មានឈ្មោះទី១-ជា ស្រស់ អាយុ៣២ឆ្នាំ និងទី២ ឈ្មោះ ជា ទីណា អាយុ២៧ឆ្នាំ ត្រូវបានឃាត់ខ្លួននៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ ដោយពួកគេបានរួមគំនិតគ្នា បង្ខំ និងបង្ខាំងចាក់ស្រវាក់ក្មួយស្រីរបស់ខ្លួន ដែលជាក្មេងកំព្រាជនជាតិខ្មែរឥស្លាម ឲ្យរួមភេទជាមួយបុរសម្នាក់ឈ្មោះ ឈឹម ឆៃលី អាយុ៣៦ឆ្នាំ (ត្រូវចាប់ខ្លួន) ជាថ្នូរនឹងប្រាក់ ១០០០ដុល្លារអាមេរិក។ចំណែលនារីរងគ្រោះ មានឈ្មោះ ជ.ណ.រ ទើបតែមានអាយុ១៣ឆ្នាំប៉ុណ្ណោះ អ្នកទាំង៤នាក់មានលំដ្ឋាននៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មន្ត្រីដែលចូលរួមក្នុង ប្រតិបត្តិការឆែកឆេរនេះបានបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៥ ម្ដាយមីងរបស់ក្មេងស្រីរងគ្រោះបានលួងលោមក្មួយស្រីរបស់ខ្លួនដែលជាក្មេងកំព្រាយកទៅលក់ខ្លួនឲ្យបុរសឈ្មោះ ឈឹម ឆៃលី បានប្រាក់ចំនួន១.០០០ដុល្លារ។ ក្រោយមក ម្ដាយមីងទាំងពីរនាក់បានលួងលោមក្មួយស្រីរបស់ខ្លួនឲ្យធ្វើជាស្រី កំណាន់របស់ឈ្មោះ ឈឹម ឆៃលី ទៀត តែឈ្មោះ ជ.ណ.រ មិនព្រម ក៏ត្រូវម្ដាយមីងចិត្តតិរច្ឆានចាប់ដាក់ច្រវាក់ជើងបង្ខាំងទុកក្នុង ផ្ទះរហូតមក ដើម្បីលក់ខ្លួនឲ្យឈ្មោះ ឈេម ឆៃលី ម្ដងម្កាល។ លុះដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ជនរងគ្រោះបានរើរួចពីច្រវាក់របស់ម្ដាយមីង ក៏រត់មករកអ្នកជិតខាងអោយឲ្យជួយនាំទៅសមត្ថកិច្ចដាក់ពាក្យប្ដឹងតែម្ដង។
បច្ចុប្បន្ននេះ ក្រុមជនសង្ស័យ កំពុងធ្វើការសាកសួរនៅនគរបាលកិរិយាល័យប្រឆាំងការជួញដូរមនុស្ស ដើម្បីកសាងសំណុំរឿងបញ្ជូនឡើងតុលាការ ចោទប្រកាន់តាមផ្លូវច្បាប់៕