ភ្នំពេញ៖គណបក្សសង្គ្រោះជាតិថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គួរគោរពពាក្យសម្តីរបស់ខ្លួនដែលបានសន្យាពីការផ្លាស់ប្តូរពេលវេលាបោះឆ្នោត និងបញ្ឈប់ការគាបសង្កត់បក្សប្រឆាំង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីប្រកាសបដិសេធផ្លាស់ប្តូរពេលវេលាបោះឆ្នោតនាពេលខាងមុខ និងប្រកាសឲ្យចាប់ខ្លួនអ្នកបង្កហិង្សាក្នុងបាតុកម្មរំដោះទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤កន្លងមក។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបដិសេធមិនផ្លាស់ប្តូរកាលបរិច្ឆេទការបោះឆ្នោតតាមគណបក្ស សង្គ្រោះជាតិនោះទេ ហើយលោកបានព្រមានទៅកាន់គណបក្សសង្គ្រោះជាតិឱ្យបញ្ចប់ការ ប្រើប្រាស់នយោបាយចាប់ដៃ ជាន់ជើងជាបន្តទៀត។ ឆ្លើយតបនឹងបញ្ហានេះ គណបក្សសង្គ្រោះជាតិថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គួរគោរពពាក្យសម្តីរបស់ខ្លួនដែលបានសន្យាពីការផ្លាស់ប្តូរពេល វេលាបោះឆ្នោត និងបញ្ឈប់ការគាបសង្កត់បក្សប្រឆាំងជាបន្តទៀត។ យ៉ាងណាក៏ដោយ បក្សកាន់អំណាចថា បក្សប្រឆាំងមិនបានឱ្យតម្លៃចំពោះចរចារបស់ខ្លួន។
លោកអេង ឆៃអ៊ាងស្នើឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន គោរពពាក្យសម្តីរបស់ខ្លួនស្តីពីការផ្លាស់ប្តូរកាលបរិច្ឆេទនៃការ បោះឆ្នោត។ល
ប្រតិកម្មតបរបស់មន្ត្រីការិយាល័យនយោបាយជាន់ខ្ពស់នៃបក្សប្រឆាំង នេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានគូសបញ្ជាក់ថា បក្សកាន់អំណាចរបស់លោកមិនព្រមផ្លាស់ប្តូរកាលបរិច្ឆេទនៃការ បោះឆ្នោតតាមការទាមទាររបស់បក្សប្រឆាំងនោះទេ។ ក្រៅពីនោះ ប្រមុខបក្សកាន់អំណាច ក៏បានព្រមានដោយសម្តីខ្លាំងៗទៅកាន់បក្សប្រឆាំងថា គួរតែបញ្ឈប់នយោបាយចាប់ដៃជាន់ជើងជាមួយបក្សកាន់អំណាចតទៅទៀត។ បន្ថែមពីលើនេះ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឱ្យតាមចាប់ខ្លួនបាតុករដែលបានធ្វើ បាតុកម្មកាលពីឆ្នាំ២០១៤ដាក់ពន្ធនាគារ ហើយបានស្នើឱ្យសមាជិកសភាគណបក្សសង្គ្រោះជាតិទាំង៧រូបដែលពាក់ពន្ធ នឹងបាតុកម្មរំដោះទីលានប្រជាធិបតេយ្យ ចូលខ្លួនទៅតាមការកោះហៅរបស់តុលាការថែមទៀតផង។
ឆ្លើយតបនឹងប្រតិកម្មនេះ លោក អេង ឆៃអ៊ាង បានចោទគណបក្សប្រជាជនកម្ពុជាថា កំពុងប្រើប្រាស់នយោបាយគាបសង្កត់គណបក្សប្រឆាំងសារជាថ្មី។ លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សប្រឆាំងខ្លួនឯងគឺជាអ្នកធ្វេសប្រហែសទាក់ទងនឹងការចរចាស្តី ពីការផ្លាស់ប្តូរពេលបោះឆ្នោតនេះ ព្រោះថាមិនមានចែងឱ្យបានច្បាស់លាស់នៅក្នុងកិច្ចព្រមព្រៀងបញ្ចប់ ជម្លោះនយោបាយកាលពីថ្ងៃទី២២ កក្កដា។ ជម្លោះនយោបាយដែលបានអូសបន្លាយសឹងរយៈពេលមួយឆ្នាំក្រោយការ បោះឆ្នោតខែកក្កដា អាណត្តិទី៥កន្លងទៅ។
អ្នកវិភាគសង្គម លោកស្រី ជា វណ្ណាត បានលើកឡើងថា ការកើនឡើងកំដៅ និងភាពស្និទស្នាលគ្នារវាងអ្នកនយោបាយនៅកម្ពុជា គឺជាទម្លាប់ដដែលៗដែលគ្មានអ្វីប្លែកនោះទេ។ ប៉ុន្តែលោកស្រី បានសង្កត់ធ្ងន់ថា ការព្រមានពីបក្សកាន់អំណាចនេះ ជាសញ្ញាណបង្ហាញសាច់ដុំទៅដល់បក្សប្រឆាំង៕