ករណីបន្លំយកដីជនបរទេសនៅខេត្តកំពត មិនមានទោសទេ ព្រោះប្រគល់ជូនម្ចាស់វិញដោយស្ម័គ្រចិត្ត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2020 ក+ ក-

ខេត្តកំពត ៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានពន្យល់ជុំវិញករណីលោក ថម ជាជនជាតិអាមេរិកកាំង ដែលត្រូវបានប្អូនធម៌ គឺលោក អ៊ុក បញ្ញា និងភរិយា បានបន្លំយកដីតែក្រោយមកក៏បានប្រគល់ដី ៦ប្លង់នោះឲ្យទៅលោក ថម វិញ ដោយអះអាងថា ករណីនេះបានបញ្ចប់ដោយសន្តិវិធី ពោលគឺឈ្នះឈ្នះទាំងអស់គ្នា ដោយលោក អ៊ុក បញ្ញា និងភរិយា មិនប្រឈមមុខផ្លូវច្បាប់ទេ ព្រោះបានប្រគល់ដីជូនលោក ថម វិញដោយស្ម័គ្រចិត្ត។

អភិបាលខេត្តកំពត លោក ជាវ តាយ អះអាងថា ករណីនេះ ដោយសារលោក អ៊ុក បញ្ញា និងភរិយា ព្រមប្រគល់ដីវិញដោយស្ម័គ្រចិត្ត ទើបរឿងនេះបានបញ្ចប់ទៅដោយនយោបាយឈ្នះឈ្នះ គឺឈ្នះទាំងអស់គ្នា។

គួរកត់សម្គាល់ថា មូលហេតុដែលធ្វើអោយលោក អ៊ុក បញ្ញា និង ភរិយា ព្រមប្រគល់ដីជូនលោក ថម វិញ ដោយស្ម័គ្រចិត្ត បែបនេះ បន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានចេញផ្សាយរឿងនេះ ក្រោយពេលលោក ថម ស្វែងរកអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល រហូតមានអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាអោយលោក ជាវ តាយ អភិបាលខេត្តកំពត ដោះស្រាយបញ្ហានេះជាបន្ទាន់។

សូមជម្រាបថា នៅសាលាខេត្តកំពត កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត បានធ្វើពិធីទទួល និងប្រគល់ព្រះរាជក្រឹត្យត្រាស់បង្គាប់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្ដល់សញ្ជាតិខ្មែរ ជូនដល់ជនជាតិអាមេរិក សញ្ជាតិអាមេរិកម្នាក់(លោក ថម) មានសិទ្ធិស្នាក់ និងរស់នៅក្នុងប្រទេសកម្ពុជា៕