ខេត្តរតនគិរីៈរថយន្តសាំយ៉ុងមួយគ្រឿងរបស់ឧកញ៉ា សី បានដឹកឈើប្រណីតខុសច្បាប់ពេញព្រៀបចេញដំណើរពីស្រុកកូនមុំ បញ្ជូនឆ្ពោះទៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវសម្រាប់លក់ឲ្យឈ្មួញវៀតណាម។នេះបើតាមការបញ្ជាក់ពីអ្នកបើកបររថយន្តខាងលើ។
អ្នកឆ្លើយឆ្លងព័ត៌មានបានរាយការណ៍ថា កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ កន្លងទៅនេះ មានរថយន្តប្រភេទសាំងយ៉ុងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2A-8380 បានដឹកឈើប្រណីតពេញព្រៀប ហើយត្រូវអ្នកកាសែតថតបានពេលរថយន្តបានចតតាមបណ្តោយផ្លូវជាតិលេខ៧៨ត្រង់ចំណុចឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ភ្លាមៗនោះ តៃកុងរថយន្តបានប្រាប់ថា ជាឈើរបស់ឧកញ៉ាសី ហើយមានឈ្មោះណូ ជាអ្នករត់ការបិទមាត់សមត្ថកិច្ចតាមដងផ្លូវរហូតដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវព្រំដែនវៀតណាម។
គួរបញ្ជាក់ថា ឧកញ៉ាមួយរូបកំពុងតែល្បីល្បាញក្នុងរឿងអាស្រូវក្នុងជំនួញឈើប្រណីតខុសច្បាប់ទៅកាន់ប្រទេសវៀតណាម ជានាយកក្រុមហ៊ុនពេជ្រ ឫទ្ធិសី មានទីតាំងនៅក្រុងបានលុង ក្នុងខេត្តរតនគិរី ។ក្នុងចំណោមមុខជំនួញរបស់ក្រុមហ៊ុននេះ មានតែការជួញដូរឈើប្រណីតខុសច្បាប់មួយគត់ដែលក្រុមហ៊ុនរបស់ឧកញ៉ា សី ធ្វើសកម្មភាពខ្លាំងក្លាជាងគេ ។
ប្រភពបន្តឲ្យដឹងថា លោកឧកញ៉ាសី សព្វថ្ងៃកំពុងតែកាក់កបក្នុងរបររកស៊ីឈើប្រណីតខុសច្បាប់នាំទៅកាន់ប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យ ។ជាទូទៅ គេឃើញមានរថយន្តប្រភេទសាំងយ៉ុងចំនួន២គ្រឿង បានដឹកឈើប្រណីតចេញពីក្នុងតំបន់វិនិយោគដំណាំដូងប្រេងឈ្មោះ ហងអាញយ៉ាឡាយ ស្ថិតក្នុងដែនដីស្រុកកូនមុំ និងស្រុកលំផាត់។ ឯឈើមួយចំនួនទៀតបានប្រមូលដឹកចេញពីស្រុកវ៉ើនសៃ ស្រុកអណ្តូងមាស តំបន់ស្រែគ និងតំបន់ស្រែសាម៉ី ក្នុងដែនដីខេត្តស្ទឹងត្រែង។ ឈើដែលប្រមូលបានពីចំណុចខាងលើ ត្រូវឧកញ៉ា សី បញ្ជាឲ្យដឹកចេញទៅកាន់ប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ គឺជាច្រកដែលគេបានសូកប៉ាន់លុយឲ្យសមត្ថកិច្ចនៅទីនោះរួចស្រេចហើយ។
ប្រជាពលរដ្ឋបានសម្តែងការហួសចិត្តថា ក្នុងនាមជាឧកញ៉ាមួយរូបដែលមានឈ្មោះល្បីល្បាញនិងមានសេចក្តីថ្លៃថ្នូរ បែរជាប្រព្រឹត្តអំពើឧក្រិដ្ឋកម្មព្រៃឈើដែលច្បាប់កម្ពុជាកំពុងតែមានយន្តការក្នុងការការពារយ៉ាងម៉ឺងម៉ាត់នោះទេ ហើយម្យ៉ាងទៀតតម្លៃគោរមងារឧកញ៉ាធ្វើឲ្យប្រជាពលរដ្ឋលែងកោតសរសើរ ដោយសារខ្លួនយកមុខងារដ៏មានតម្លៃបែបនេះទៅប្រព្រឹត្តអំពើផ្តេសផ្តាស ធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្លូររបស់ជាតិផងដែរ ព្រោះថាគោរមងារឧកញ៉ា ត្រូវបានតែងតាំងដោយព្រះរាជក្រិត្យដែលជាស្ថាប័នកំពូលរបស់ប្រទេស។
មន្ត្រីអាជ្ញាធរមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានរិះគន់លោកអភិបាលខេត្តរតនគិរី និងសមត្ថកិច្ចជំនាញសំខាន់ពីរ បីនាក់ ថា បានពាក់ព័ន្ធនឹងអំពើពុករលួយយ៉ាងក្រាស់ឃ្មឹកទើបមិនអើពើចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបែបនេះ ដូចជាទង្វើរបស់ក្រុមហ៊ុន ពេជ្រ ឬទ្ធិសី នេះជាដើម៕ដោយ៖ឡុង សារ៉េត
ឧកញ៉ា សី