រតនគិរីៈរថយន្តសាំយ៉ុងដឹកឈើប្រណីត ខុសច្បាប់របស់លោកឧកញ៉ាសី នាយកក្រុមហ៊ុនពេជ្យ ឫទ្ធិសី ត្រូវមេព្រៃចាប់ឃាត់ទុកក្រោយពេលដឹងថារថយន្តនេះព្យាយាមដឹកឈើនោះចេញទៅកាន់ប្រទេសវៀតណាមតាច្រកអន្តរជាតិអូរយ៉ាដាវ។
រថយន្តសាំយ៉ុងត្រូវបានចាប់នោះពាក់ស្លាកលេខភ្នំពេញ2A-8380 ពណ៌សំបកឪឡឹក នៅចំណុចតំបន់បរញ៉ុក ស្រុកបរកែវ ខេត្តរតនគិរី ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើចាប់ឃាត់នាំយកទៅកាន់ទីស្នាក់ការដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ឈើនៅក្នុងរថយន្តដលត្រូវបានរឹបអូសមានចំនួន៨៥ដុំ ស្មើនឹង២,៩១៣ ម៉ែត្រត្រីគុណ ជាប្រភពឈើធ្នង់សុទ្ធ ចំណែកអ្នកបើកបររថយន្តដឹកឈើឲ្យឧកញ៉ាសី មិនដឹងថាត្រូវគេចាប់ខ្លួន ឫរត់គេចខ្លួនបាត់នោះទេ ប៉ុន្តែមានអ្នកខ្សឹបប្រាប់ថា មានអ្នករត់ការជម្លៀសឲ្យរត់គេចខ្លួនបាត់ស្រមោល។
គួរបញ្ជាក់ថា នៅក្នុងករណីចាប់ឈើនេះផងដែរ អ្នកកាសែត និងទូរស្សន៍មួយចំនួននៅពេលចូលថតរូបភាពឈើនោះ ស្រាប់តែគេចាក់សោទ្វាររបងមិនចេញទៅក្រៅវិញ។ ប៉ុន្តែលោក វង្ស សុក្រសិរី និយាយថា ការចាក់សោទ្វាររបងខណ្ឌរដ្ឋបាលព្រៃឈើ គឺក្នុងបំណងហៅអ្នកកាសែតទាំងនោះនិយាយអំពីការធ្វើសហប្រតិបត្តិការគ្នាឲ្យកាន់តែល្អជានេះ។
លោកវង្ស សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តនៅមិនទាន់បញ្ជាក់ពីឈើទាំងនោះជារបស់ឈ្មួញណាមួយនៅឡើយទេ ខណៈដែលតៃកុងឡានដឹកឈើនោះបានប្រាប់អ្នកកាសែតមុនពេលត្រូវសមត្ថកិច្ចចាប់ថា ជាឈើរបស់លោកឧកញ៉ាសី ប្រធានក្រុមហ៊ុនពេជ្រ ឫទ្ធិសី។
ទោះជាយ៉ាងណា សមត្ថកិច្ចមេព្រៃនៅមិនទាន់បញ្ជាក់ពីចំណាត់បែបណាចំពោះបទល្មើសខាងលើនេះនៅឡើយទេ រីឯការបញ្ជាឲ្យចាក់សោទ្វាររបងទីស្នាក់ការដោយលោកប្រធានមេព្រៃមិន ឲ្យអ្នកកាសែតចេញក្នុងពេលដែលអ្នកកាសែតចូលសម្ភាសន៍ និងថត រូបនោះគឺជាចេតនាមិនប្រក្រតីមួយដែលបង្កប់ដោយការសង្ស័យ៕ដោយ៖ឡុង សារ៉េត