ប្រេងឆៅបន្តធ្លាក់ថ្លៃដោយសារផ្ទុះការតវ៉ានៅទូទាំងសហរដ្ឋអាមេរិក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 June, 2020 ក+ ក-

បរទេស ៖ តម្លៃប្រេងបានធ្លាក់ចុះដោយសារតែការព្រួយបារម្ភអំពីបាតុកម្ម នៅក្នុងទីក្រុងធំ ៗ របស់សហរដ្ឋអាមេរិកដែលអាចនឹងមានការបង្អាក់តម្រូវការប្រេង បន្ទាប់ពីការធ្វើពាណិជ្ជកម្មកើនឡើងខ្ពស់ ដោយសារមានសុទិដ្ឋិនិយមថា អង្គការ OPEC នឹងពង្រីកឬបង្កើនការកាត់ បន្ថយផលិតកម្មប្រេង ក្នុងកិច្ចប្រជុំមួយនៅខែមិថុនានេះ។

បាតុកម្មកាលពីចុងសប្តាហ៍នេះ បានឡោមព័ទ្ធទីក្រុងធំៗរបស់សហរដ្ឋអាមេរិកហើយ អំពើ ហឹង្សា បានកាន់តែច្រើនឡើងៗ ដោយសារការស្លាប់របស់ លោក ចច ហ្វ្លយ។ ទីក្រុងនានាបានឆ្លើយតបជាមួយនឹងបំរាមគោចរនិងវិធានការណ៍ផ្សេងៗទៀតដើម្បីទប់ស្កាត់អំពើហឹង្សា ហើយអ្នកលក់រាយមួយចំនួនដែលកំពុងចាប់ផ្តើមបង្កើន ប្រតិបត្តិការបន្ទាប់ពី ការបិទប្រទេសដោយសារមេរោគកូរ៉ូណា បានដកថយវិញ នៅក្នុងទីតាំងជាក់លាក់ ដោយ សារតែការព្រួយបារម្ភពីការលួចប្លន់របស់ក្រុមបាតុករ ។

ប្រេងឆៅម៉ាកWest Texas Intermediateសម្រាប់ការចែកចាយនៅខែកក្កដាត្រូវបាន លក់ក្នុង តម្លៃ ៣៥.២៥ ដុល្លារក្នុងមួយបារ៉ែលពោលគឺធ្លាក់ចុះ ២៤ សេន ។ ចំណែម៉ាក Brent crude បានធ្លាក់ថ្លៃ ១៦ សេនក្នុងមួយបារែល នៅត្រឹម ៣៧.៦៨ ដុល្លារក្នុងមួយបារ៉ែល ។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគបាននិយាយថាការរំពឹងទុករបស់អង្គការOPEC និង សម្ព័ន្ធមិត្តរបស់អង្គការនេះ ដែលកំពុងជិតដល់ពេលកំណត់សម្រាប់ការប្រជុំនៅ ខែមិថុនា នេះ បានផ្តល់ការគាំទ្រដល់ទីផ្សារប្រេង៕