កងទ័ពចិន បញ្ជូនសម្ភារៈសម្រាប់ទប់ស្កាត់វីរុសកូវីដ-១៩ ទម្ងន់ជាង២តោនថែមទៀតដល់កម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2020 ក+ ក-

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងការពារជាតិកម្ពុជា បន្តទទួលជំនួយជាសម្ភារពេទ្យ ដើម្បីការពារទប់ស្កាត់ និងបង្ការវីរុសកូវីដ១៩ ចំនួន១២មុខ មានតំលៃប្រមាណ១លានដុល្លាអាមេរិក ពីក្រសួងការពារប្រទេសចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ពិធីប្រគល់ និងទទួល សម្ភារពេទ្យសម្រាប់ទប់ស្កាត់វីរុស COVID-19 លើកទី៤នេះ ក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស។ ចំណែកភាគីចិន តំណាងដោយលោក វរៈសេនីយ៏ឯក លី ជីងហ្វីង អនុពន្ធ័យោធាប្រចាំកម្ពុជា ។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងថា៖ ក្រៅពីកិច្ចការរួមគ្នាដៃទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសចិន មានទិសដៅបន្ថែមទៀត ក្នុងការត្រួតពិនិត្យជាមុនលើរោគឆ្លងផ្សេងទៀត។ ដូច្នេះនេះ គឺជាកិច្ចសហប្រតិបត្តិការដែកថែប ឬកិច្ចសហប្រតិបត្តិការអមត រវាងកងទ័ពកម្ពុជា-ចិន ដូចដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានកំណត់មក។

សូមបញ្ជាក់ផងដែរថា៖ សម្ភារៈដែលក្រសួងការពារប្រទេសចិន ផ្តល់ជូនក្រសួងការពាជាតិកម្ពុជាពេលនេះ ជាសម្ភារៈ ដើម្បីប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រ នៅក្នុងមន្ទីរពិសោធន៍ ក្នុងការលើកកម្ពស់សមត្ថភាពភាពដល់ក្រុមគ្រូពេទ្យយោធាកម្ពុជា ព្រមទាំងពិនិត្យ និងស្វែងរករោគឆ្លងផ្សេងៗទៀត មានចំនួន១២មុខ។ ហើយដើម្បីជួយប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា ក្រសួងការពារប្រទេសចិន មិនត្រឹមតែផ្តល់ជាសម្ភារប៉ុណ្ណោះទេ កាលពីថ្ងៃទី២៤ ខែមីនា ក៏បានបញ្ជូនគ្រូពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ ចំនួន៤រូប មកចែករំលែកបទពិសោធន៍ និងបង្ហាត់បង្រៀន ដល់ក្រុមគ្រូពេទ្យបង្គោល នៃកងយោធពលខេមរភូមិន្ទរយៈពេល២ខែផងដែរ៕