ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៧លាននាក់ ស្លាប់ជាង ៤០ម៉ឺននាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2020 ក+ ក-

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៧,០៨១,៥៩៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤០៥,០៧៤នាក់ និងជាសះស្បើយឡើងវិញ ៣,៤៥៣,៦៣៦នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើនដដែល។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,០០៧,២៣២នាក់ ស្លាប់ចំនួន ១១២,៤៦៩នាក់ និងជាសះស្បើយចំនួន ៧៥៨,៥១២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩នោះ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៦៩១,៩៦២នាក់ ស្លាប់ចំនួន ៣៦,៤៩៩នាក់ និងជាសះស្បើយ ៣០២,០៨៤នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៤៦៧,៦៧៣នាក់ ស្លាប់ ៥,៨៥៩នាក់ និងជាសះស្បើយ ២២៦,៧៣១នាក់៕