កងកម្លាំង​ទប់ទល់​នឹង​បាតុករ​នៅ​ក្រុង​វ៉ាស៊ីនតោន ឆ្លង​វីរុស​កូវីដ១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2020 ក+ ក-

វ៉ាស៊ីនតោន ៖ សមាជិកនៃកងកម្លាំងឆ្មាំការពារជាតិអាមេរិក ដែលត្រូវបានដាក់ពង្រាយ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន ដើម្បីទប់ស្កាត់ការធ្វើបាតុកម្មដោយហិង្សា ប្រឆាំងការរើសអើងជាតិសាសន៍នោះ មួយចំនួនបានឆ្លងជំងឺ COVID-19 ប៉ុន្តែមិនទាន់មានប្រភពណា អាចបញ្ជាក់អំពីចំនួនជាក់លាក់ឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០។

លោកស្រីវរសេនីយ៍ទោ Crooke Davis អ្នកនាំពាក្យកងឆ្មាំក្រុងវ៉ាស៊ីនតោនឌីស៊ី មិនបានបញ្ជាក់ពីចំនួនឆ្មាំដែលបានឆ្លងជំងឺកូវីដ១៩នោះទេ។ ការបញ្ជាក់ដូច្នេះ បានធ្វើឡើងបន្ទាប់ពី កងកម្លាំងឆ្មាំជាង ១៧០០នាក់ ត្រូវបានពង្រាយ ដើម្បីការពារសេតវិមាន ពីក្រុមអ្នកតវ៉ា ពាក់ព័ន្ធនឹងការស្លាប់របស់ George Floyd ដែលបង្កដោយអតីតប៉ូលិសក្រុងមីនីអាប៉ូលិស (Minneapolis) ។

ការពង្រាយកម្លាំងឆ្មាំ បានធ្វើឡើងតាមបញ្ជារបស់អភិបាលក្រុង និងរដ្ឋបាលសហព័ន្ធ កាលពីថ្ងៃទី០១ ខែមិថុនា ដើម្បីចូលរួមការពារសណ្ដាប់ធ្នាប់ ក្រោយពីបាតុកម្ម បានវិវឌ្ឍទៅជាកុបកម្ម និងអំពើលួច។ កម្លាំងឆ្មាំ តម្រូវឱ្យធ្វើតេស្តរកកូវីដ១៩ នៅពេលចប់ប្រតិបត្តិការរបស់ពួកគេ។

សូមជម្រាបថា ជំងឺកូវីដ១៩ បានសម្លាប់ប្រជាជនអាមេរិកជាង ១១២០០០នាក់ គិតមកទល់ពេលនេះ និងឆ្លងជាង ២លាននាក់៕