ប្រមុខការទូតកម្ពុជានឹងចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៊ី ស្ដីពីជំងឺកូវីដ-១៩ តាមវីដេអូអនឡាញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2020 ក+ ក-

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៊ី ស្ដីពីជម្ងឺឆ្លងកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video-Conference) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០ នាទី នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។

កិច្ចប្រជុំនេះ នឹងត្រូវបានដឹកនាំដោយសហប្រធានសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេស សម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី នាពេលបច្ចុប្បន្ន និងសហព័ន្ធរុស្ស៊ី។

រដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសសហព័ន្ធរុស្ស៊ី នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក អំពីឧត្តម្មានុវត្តន៍ និងការរៀនសូត្រ ដែលទទួលបានពីការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតជាសកល និងពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅលើគ្រប់វិស័យដែលមានផលប្រយោជន៍រួមគ្នា និងដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន និងរុស្ស៊ី ជាពិសេស លើវិស័យ សុខភាពសាធារណៈ។

កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូនេះ ត្រូវបានរៀបចំឡើងចំពេលវេលាដ៏លំបាក និងមមាញឹក ដោយ សារតែបញ្ហាប្រឈមជាសកលនៃជម្ងឺឆ្លងកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន ហើយជម្ងឺឆ្លងកូវីដ-១៩ នេះ ទាមទារនូវការប្រយុទ្ធប្រឆាំងរួមគ្នា តាមរយៈការរួបរួមគ្នានិងសាមគ្គីភាព ដោយផ្អែកទាំងស្រុងទៅលើគ្រឹះពហុភាគីនិយមដែលមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះ គឺជាការបោះជំហានទៅមុខបន្ថែមទៀតនៅក្នុងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន និងរុស្ស៊ី សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង៕