ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ថ្មីៗ ចំនួន១១,៥០២នាក់ថែមទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2020 ក+ ក-

ញូដេលី ៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃចន្ទនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល២៤ ម៉ោងកន្លងទៅប្រទេសឥណ្ឌាបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតទៅដល់ ១១,៥០២ នាក់ និងករណីស្លាប់ ៣២៥នាក់បន្ថែមទៀត។ នេះបើទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

តាមរយៈតួលេខថ្មីខាងលើធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌាកើនដល់ ៣៣២,៤២៤ករណី ដោយក្នុងនោះអ្នកជំងឺ ៩,៥២០នាក់បានស្លាប់ និង១៦៩,៧៩៨នាក់ទៀតបានជាសះស្បើយ និងអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ១៥៣,១០៦នាក់។

ចំពោះមុខនៃការកើនឡើងយ៉ាងឆាប់រហ័សនៃតួលេខអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី គ្រោងនឹងបើកកិច្ចពិភាក្សាជាមួយអភិបាលរដ្ឋទាំងអស់ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) នៅថ្ងៃទី ១៦ និង ១៧ ខែមិថុនានេះដើម្បីរៀបចំយុទ្ធសាស្រ្ត ក្នុងការជម្នះវិបត្តិសកលមួយនេះ៕