ភ្នំពេញ៖សមាជិកព្រឹទ្ធសភាបក្សជំទាស់លោក ហុង សុខហួរ នៅរសៀលថ្ងៃនេះ ត្រូវចៅក្រមសាលាដំបូងសាលារាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស រង់ចាំសវនាការកាត់ទោសនៅពេលខាងមុខដោយ ចោទប្រកាន់ចំនួនបីបទល្មើស។
នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ នេះ ក្រោយពីការសាកសួរ ពីលោក កោ វណ្ឌី ចៅក្រមសាលាដំបូងសាលារាជធានីភ្នំពេញ ទៅលើលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភារបស់គណបក្សសមរង្ស៊ី ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើសរួមមានៈ ទី១.ពី បទក្លែងលិខិតសាធារណៈ ទី២.ប្រើលិខិតសាធារណៈក្លែង ទី៣.បទញុះញង់ឲ្យមានបទ ល្មើសមជ្ឈឹម រឺឩក្រិដ្ឋ។
សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង ៦:០៥នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅភូមិគ្រឹះលេខ១០៦A ផ្លូវ២០១១របស់លោកយន្ត ថារ៉ូ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្ត បន្ទាយមានជ័យ នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បន្ទាប់ពីលោក បានបង្ហោះវីដេអូ អត្ថាធិប្បាយតាមរយៈ Facebook ។
លោក ជូង ជូងី មេធាវីការពារក្តី ឲ្យសមាជិកព្រឹទ្ធសភាបក្សជំទាស់លោក ហុង សុខហួរ បានបញ្ជាក់ថា ចៅក្រមចោទប្រកាន់កូនក្តីរបស់លោក ចំនួន៣ បទល្មើស ដូចបានរៀប រាប់ខាងលើ ហើយលោកនឹងដាក់ពាក្យទាស់ និងតម្កល់ ថវិកា ដើម្បីស្នើសុំឲ្យកូនក្តីរបស់ លោកនៅក្រៅឃុំ៕
ឃុំលោក ហុង សុខហួរ នៅគុកព្រៃស.ដោយចោទប្រកាន់ចំនូនបីបទ ល្មើស