ដឹងរឿងនេះទេ ! នៅភ្នំពេញ ក្នុងមួយថ្ងៃបង្កើតសំរាមពី ២.៨០០ ទៅ ៣.០០០តោន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 June, 2020 ក+ ក-

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងបន្តដោះស្រាយបញ្ហាសំរាមដែលជាក្តីកង្វល់យ៉ាងខ្លាំងរបស់អ្នកទីក្រុង ស្របពេលដែលកំណើនប្រជាពលរដ្ឋនៅក្នុងក្រុងនេះ បានកើនជាង ៣លាននាក់។ បើតាមអភិបាលរាជធានីភ្នំពេញមួយថ្ងៃពលរដ្ឋនៅភ្នំពេញបង្កើតសំរាមពី ២.៨០០ ទៅ ៣.០០០តោន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ» នៅព្រឹកថ្ងៃទី១៦ មិថុនា នេះ នាទីស្តីការគណៈរដ្ឋមន្ត្រីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បញ្ហាសំរាមនៅតែជាបញ្ហាប្រឈមរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវដោះស្រាយ និងយកចិត្តទុកដាក់ខ្ពស់។ អភិបាលរាជធានី បានអំពាវនាវ ប្រជាពលរដ្ឋជួយទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ការប្រមូលសំរាម និងដើម្បីសោភ័ណភាពរបស់ប្រជាពលរដ្ខ។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា នាទីស្តីការគណៈរដ្ឋមន្ត្រី។ បើតាមឯ.ឧ ឃួង ស្រេង ក្នុងមួយថ្ងៃប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បង្កើតសំរាមពី ២.៨០០ ទៅ ៣.០០០តោន ក្នុងមួយថ្ងៃ ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមគ្រប់គ្រងសំរាមដោយផ្ទាល់ តាមរយៈការបង្កើតរដ្ឋការស្វ័យតគ្រប់គ្រងសំរាម និងសំណល់រឹង។ ប៉ុន្តែនៅក្នុងដំណាក់កាលនេះ រដ្ឋបាលរាជធានីភ្នំពេញ ជួបនូវបញ្ហាប្រឈម និងសត្យានុម័ត គឺការផ្លាស់ប្តូររបៀបរបបការងារពីការគ្រប់គ្រងសេវា មកជាប្រតិបត្តិករផ្តល់សេវាដោយផ្ទាល់។

គួរបញ្ជាក់ថា រដ្ឋបាលរាធានីភ្នំពេញ ក្រោមការដឹកនាំ ជាគោនយោបាយ និង បច្ចេកទេស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន បានរៀបចំការគ្រប់គ្រងបញ្ហាសំរាម ជា២ដំណាក់កាល គឺដំណាក់កាល អន្តរកាល និងដំណាក់កាល ក្រោយពេលបានជ្រើសរើស ក្រុមហ៊ុនផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញរួច” ។ សម្រាប់ដំណាក់កាលអន្តរកាលនេះ ការផ្តល់សេវាប្រមូល និងដឹកជញ្ចូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ គឺអនុញ្ញាតអោយក្រុមហ៊ុនស៊ិនទ្រី ផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម ជាបណ្តោះអាស្នសិន រហូតដល់មានក្រុមហ៊ុនថ្មី បានមកជំនួស។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំការផ្តាស់ប្តូរ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធី នៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ តាមយន្តការថ្មី គឺការបង់ថ្លៃសំរាម តាមប្រព័ន្ធអេឡិចត្រូនិក ដែលបានចាប់ផ្តើម អនុវត្តទទួលការបង់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០មកម្ល៉េះ” ។ រដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើការរៀបចំដំណើរការ និងនីតិវិធី លទ្ធកម្មដេញថ្លៃ ដែលដំណើរការនេះ នឹងត្រូវរៀបចំ អោយមានភាពយុត្តិធម៌ តម្លាភាព និងស្របតាមស្តង់ដារអន្តរជាតិ ដើម្បីជ្រើរើសក្រុមហ៊ុនដែលមានសមត្ថភាព ពេញលេញ ក្នុងការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ រាជធានីភ្នំពេញ នឹងត្រូវបែងចែកជា៣តំបន់ សម្រាប់អោយក្រុមហ៊ុន ធ្វើការជ្រើសរើស ក្នុងការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង៕