ចិន​រកឃើញ​អ្នក​ឆ្លង COVID-19​ថ្មី ២៨​ករណី​បន្ថែមទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 June, 2020 ក+ ក-

ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​នៅថ្ងៃនេះ បានប្រកាស​រក​ករណី​ឆ្លង​ថ្មីៗ នៃ​ជំងឺ COVID-19 ចំនួន ២៨ ករណី​បន្ថែមទៀត​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ ដោយ​ក្នុងនោះ​មាន ២៤​ករណី​ជា​ប្រភេទ​ករណី​ឆ្លង​ក្នុងស្រុក និង​៤​ករណី​ទៀត​ជា​ករណី​នាំចូល​ពី​បរទេស​។​ នេះ​បើ​យោងតាម ការចុះផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​។

​គណៈកម្មការ​សុខភាព​ជាតិ​បាន​និយាយ​នៅក្នុង​របាយការណ៍​ប្រចាំថ្ងៃ​របស់ខ្លួន​ថា​ក្នុងចំណោម​ប្រភេទ​ករណី​ឆ្លង​ក្នុងស្រុក​ទាំង ២៤ ករណី​ខាងលើនេះ រដ្ឋធានី​ប៉េកាំង​បាន​រ៉ាប់​រ៉ង​ចំនួន ២១ ករណី​តែឯង​។ ចំណែកឯ ០៣ ករណី​ទៀត​ត្រូវបាន​រាយការណ៍​ចេញពី​ខេត្ត Hebei ចំនួន​០២ ករណី និង​០១​ករណី​ពី​ទីក្រុង Tianjin​។​

​អាជ្ញាធរ​សុខាភិបាល​ចិន ក៏បាន​រកឃើញ​អ្នកជា​សះស្បើយ​ឡើងវិញ​ពី​ជំងឺ COVID-19 ចំនួន ១៥​នាក់​ទៀតផង​ដែរ ដែល​នាំ​ឲ្យ​ចំនួន​អ្នកជា​សះស្បើយ​សរុប នៅ​ទូទាំងប្រទេស​ចិន​កើន​ដល់ ៧៨,៣៩៤​នាក់​។​

​យ៉ាងណាមិញ​បើ​បូក​បញ្ចូល​ទាំង​ករណី​ឆ្លង​ថ្មីៗ​ទាំងអស់​ខាងលើ បានធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​ទាំងអស់ នៅ​ទូទាំងប្រទេស​ចិន​កើន​ដល់ ៨៣,២៩៣​ករណី ខណៈ​តួលេខ​នៃ​អ្នកស្លាប់​គឺ​នៅ​រក្សាបាន​ត្រឹម ៤,៦៣៤​នាក់​ដដែល ខណៈ​គ្មាន​ករណី​ស្លាប់​ឡើយ​សូម្បីតែ​ម្នា​ក់នៅ​ថ្ងៃ​ម្សិលមិញ​៕