ខេត្តរតនគិរី៖ ព្រៃឈើបម្រុងទុករបស់រដ្ឋនៅក្នុងស្រុកកូនមុំនិងស្រុកលំផាត់ ខេត្តរតនគិរី បានរងនូវការកាប់បំផ្លាញយ៉ាងរង្គាល ប៉ុន្តែមិនត្រូវបានចាត់វិធានការក្តៅទៅលើឈ្មួញដែលនាំឲ្យមានការកាប់បំផ្លាញព្រៃឈើនោះឡើយ។
ព្រៃបម្រុងរបស់រដ្ឋនៅចំណុចភ្នំទទឹងចំណុចវាលឆ្កែហត់ចំណុចអូរទ្វេះ និងតំបន់សំខាន់មួយចំនួនទៀត កំពុងរងការកាប់បំផ្លាញធ្វើជំនួញយកជាជន្លង់ម្រេច ហើយមួយចំនួនទៀតត្រូវគេអរច្រៀកធ្វើជាសំណង់ផ្ទះ។ គំនរឈើដែលប្រភេទឈើផ្ចឹកត្រូវបានគេប្រទះឃើញគរាយប៉ាយនៅពេញព្រៃ និងមួយចំនួនទៀតត្រូវគរនៅតាមផ្លូវលំនៅក្នុងភូមិអ្នកស្រុក និងនៅតាមបណ្តោយផ្លូវជាតិសំខាន់ៗ។ រថយន្តកែច្នៃរាប់សិបគ្រឿងកំពុងតែមមាញឹកក្នុងការប្រមូលព្រៃឈើដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋចេញពីតំបន់សំខាន់ៗដូចបានរៀបរាប់ខាងលើនេះ ទាំងយប់ទាំងថ្ងៃ ប៉ុន្តែសកម្មភាពកាប់និងដឹកជញ្ជូនផលព្រៃឈើទាំងនោះមិនត្រូវបានបង្ក្រាបដោយសមត្ថកិច្ច និងស្ថាប័នជំនាញឡើយ។
ប្រភពពីមន្ត្រីប្រដាប់អាវុធបានអោយដឹងថា មន្ត្រីមានអំណាចធំៗនៅក្នុងខេត្តសុទ្ធតែស្ថិតនៅក្នុងជំនួញព្រៃឈើដ៏សំខាន់នេះ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានដាក់សំណួរថា រថយន្តដឹកឈើល្មើសច្បាប់ចេញពីស្រុកកូនមុំ ទាំងយប់ទាំងថ្ងៃ ហើយគេឃើញជាសាធារណៈ ចុះមូលហេតុអ្វីបានជាអាជ្ញាធរខេត្តមិនមានចំណាត់ការ ? តើសកម្មភាពទាំងនោះធ្វើឡើងស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដែរទេ ហើយការប្រើប្រាស់ព្រៃឈើបែបនេះវាជាការប្រើប្រាស់ព្រៃឈើប្រកបដោយនិរន្តភាពដែរឫទេ? ។
លោកហុង វណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់ កូនមុំ ត្រូវគេរិះគន់ថា លោកបានត្រូវថ្នាំសណ្តំរបស់ក្រុមឈ្មួញព្រៃឈើដេកលង់លក់ក្នុងសុបិន្តនៃសំណូកសូកប៉ាន់ដ៏វែងអន្លាយ ទើបបានជាបទល្មើសព្រៃឈើបន្តកើតមានយ៉ាងអនាធិបតេយ្យ៕
ដោយ៖ឡុង សារ៉េត