ប្រមុខការទូតកម្ពុជា ចូលរួមកិច្ចប្រជុំជាន់ខ្ពស់ វីដេអូ ខេនហ្វ័ររេន ស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2020 ក+ ក-

ភ្នំពេញ ៖ បើតាមក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងនៅថ្ងៃនេះថា ឯកឧត្តម ឧប នាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចូលរួម កិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបតិ្តការអន្តរជាតិ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ស្តីពី ការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដោយសាមគ្គីភាពតាមរយៈប្រព័ន្ធវីដេអូ ដែលបានធ្វើឡើង កាល ពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០គឺ ជាគំនិតផ្តួចផ្តើមឡើងដោយសា ធារណរដ្ឋប្រជា មានិត ចិននិងបានដឹកនាំដោយ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន និង ចូលរួមដោយរដ្ឋមន្រ្តីមកពី២៦ប្រទេស ជាដៃគូនៃកិច្ចសហប្រតិបត្តិការនេះ។
អង្គប្រជុំបានទទួលស្គាល់នូវភាពចំាំបាច់ តម្រូវឲ្យមានសាមគ្គីភាពអន្តរជាតិ កិច្ចសហប្រតិបត្តិការ ពហុភាគី និងការគាំទ្រគ្នាទៅវិញទៅមកកាន់តែរឹងមាំជាងមុន ដើម្បីដោះស្រាយជម្ងឺរាតត្បាតសកល និងផលប៉ះពាល់សេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងររបស់វានៅទូទាំងពិភពលោក ឲ្យកាន់តែមានប្រសិទ្ធ ភាព ដោយគ្មានការរើសអើង ភាពលំអៀង ការប្រកាន់ពូជសាសន៍ និងភាពស្អប់ខ្ពើមឡើយ។ អង្គប្រជុំបានចូលរួមរំលែកទុក្ខដោយសុទ្ធចិត្តចំពោះមនុស្សជាច្រើនដែលបានបាត់បង់ជីវិតដោយសារជម្ងឺកូវីដ-១៩ និងបានសំដែងអំណរគុណ ដល់អ្នកដែលបានធ្វើពលីកម្ម ក្នុងការដោះស្រាយ បញ្ហាជំងឺរាតត្បាតសកល។
អង្គប្រជុំបានទទួលស្គាល់តួនាទីស្នូលរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងការជំរុញនិងសម្រប សម្រួលការឆ្លើយតបជាសកល ដើម្បីគ្រប់គ្រងនិងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជា ពិសេស តួនាទីដឹកនាំដ៏សំខាន់របស់អង្គការសុខភាពពិភពលោក។
អង្គប្រជុំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀត ដោយ ស្រប ទៅតាមស្មារតី និងគោលការណ៍នានា ដែលមានចែងនៅក្នុងកិច្ច ប្រជុំតុមូលថ្នាក់ដឹក នាំលើក ទី២ ស្តីពីវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការស្វែងរកការអភិវឌ្ឍ ដែលមានបទដ្ឋានខ្ពស់ ផ្តោតទៅលើប្រជាជន និងប្រកបដោយចីរភាព។ ដើម្បីកសាងវិថីសូត្រ សុខភាព អង្គប្រជុំបានគូសបញ្ជាក់ពីសារៈសំខាន់នៃការចែករំលែកព័ត៌មាន និងឧត្តម្មានុវត្តន៍ ទាន់ ពេលវេលា និងការធ្វើឲ្យប្រសើរឡើង នូវការទទួលបានផលិតផលសុខាភិបាល ប្រកបដោយសម ធម៌ និងតំលៃសមរម្យ រួមទាំងវ៉ាក់សាំងការពារដែលគួរតែត្រូវបានទទួលស្គាល់ថា ជាទំនិញ សាធារ ណៈ សកល។
អង្គប្រជុំក៏បានពិភាក្សាពីវិធីសាស្រ្ត និងមធ្យោបាយ ដើម្បីជំរុញការតភ្ជាប់និងលើកកម្ពស់ការស្តារ សេដ្ឋកិច្ចឡើងវិញ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្រោមគំនិតផ្តួចផ្តើមខ្សែ ក្រវាត់ និងផ្លូវ។
នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបជូនអង្គ ប្រជុំពីយុទ្ធនាការដ៏ជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងការរីករាលដាលនៃជម្ងឺកូវីដ-១៩ និងការចូលរួមចំណែករបស់កម្ពុជានៅក្នុងកិច្ចប្រឹងប្រែងសកល។ ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះតួនាទីដឹកនាំនិងការរួមចំណែករបស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩ នៅទូទាំងសកលលោក។

សូមបញ្ជាក់ថា អង្គប្រជុំបានអនុម័តសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំជាន់ខ្ពស់នេះ ដែលឆ្លុះបញ្ចាំង យ៉ាងច្បាស់ពីស្មារតីរួមនៃសាមគ្គីភាពរបស់អ្នកចូលរួមប្រជុំទាំងអស់ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ខ្លួនចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេសក្រោមក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ក្នុងការប្រយុទ្ធប្រឆាំងនឹង ជម្ងឺរាតត្បាតកូវីដ-១៩ លើកកម្ពស់ការស្តារសេដ្ឋកិច្ចសង្គម និង បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការកសាងសហគមន៍នៃអនាគតរួម៕