ការកែលម្អគុណភាពកំណាត់ផ្លូវជាតិលេខ៣ ខេត្តកំពត-វាលរេញ សម្រេចបាន ៧៩,៦០%
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2020 ក+ ក-

ខេត្តកំពត ៖ ការងារគម្រោងថែទាំ និងពង្រឹងគុណភាពផ្លូវជាតិលេខ ៣ កំពត-វាលរេញ ឋិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុប្រវែងសរុបចំនួន ៥៤,៣គីឡូម៉ែត្រ សម្រេចបាន ៧៩,៦០% ហើយ។ នេះបើតាមបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ខណ:លោកបានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពនៃការងារអនុវត្តន៍គម្រោងនេះ។

គោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីធានាឱ្យគុណភាពនៃសំណង់អនុលោមតាមបទដ្ឋានបច្ចេកទេស និងស្របតាមសៀវភៅបន្ទុក ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនម៉ៅការសាងសង់ សំដៅធ្វើឱ្យផ្លូវនេះមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។ គម្រោងថែទាំ និងពង្រឹងគុណភាពកំណាត់ផ្លូវជាតិលេខ៣ (ទីរួមខេត្តកំពត-វាលរេញ) មានប្រវែងជាង៥៤គម ចែកជាពីរកំណាត់។ ទី១គឺចាប់ពីគ.ម.១៤៧+១០០ ដល់គ.ម. ១៨១+០០០ ប្រវែង៣៤គម ត្រូវបានជួស ជុល និងក្រាលកៅស៊ូ AC ហើយ គ.ម. ១៨១+០០០ ដល់គម២០១+៤០០ ប្រវែង២០គម ត្រូវធ្វើការជួសជុលពង្រឹងឡើងវិញ ដោយធ្វើការលើកកម្ពស់តួផ្លូវចំនួន៤៥សង់ទីម៉ែត្រ ដើម្បីពង្រឹងតួផ្លូវ និងការពារជំនន់ទឹកភ្លៀងហូរកាត់នៅរដូវវស្សា អនុវត្តគម្រោងដោយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International Co., Ltd។

គួររំលឹកថា កំណាត់ផ្លូវនេះត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ថែទាំ និងពង្រឹងគុណភាពនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល៥៤ខែ គ្រោងចំណាយថវិកាប្រមាណ១២លានដុល្លារសហរដ្ឋអាមេរិក ក្រោមគម្រោងឥណទាន IDA Credit។

លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួង សាធារណការ និងដឹកជញ្ជូន ប្រកាន់យកគោលការណ៍ធ្វើផ្លូវឱ្យជាប់រឹងមាំ មិនមែនធ្វើផ្លូវជាប់រហូតទេ ធ្វើខាងមុខខូចខាងក្រោយ ធ្វើខាងមុខហើយធ្វើ ខាងក្រោយម្ដងទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់កម្មវិធី ថែទាំផ្លូវ(Road Care Mobile App) ដើម្បីចូលរួមថែទាំផ្លូវថ្នល់យើងឱ្យបានគង់វង្សជាប់បានយូរ និង បានសំណូមពរឲ្យក្រុមហ៊ុនដឹកជញ្ជូន កុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់បណ្តាលឱ្យផ្លូវឆាប់ខូច មិនត្រូវប្រើប្រាស់ចិញ្ចើមផ្លូវដើម្បីធ្វើអាជីវកម្ម រំលោភបំពានដីចំណីផ្លូវ និងសូមចូលរួមគោរពច្បាប់ ចរាចរណ៍ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នាផងដែរ៕