រាជរដ្ឋាភិបាលចំណាយ២៥​លាន​ដុល្លារ ក្នុង១​ខែ សម្រាប់​គ្រួសារ​ក្រីក្រ៦០​ម៉ឺន​គ្រួសារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2020 ក+ ក-

ខេត្តកណ្តាល​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា នៅ​ថ្ងៃទី​២៤ ខែមិថុនា​ខាងមុខនេះ សម្តេច​នឹង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​

ការប្រកាសបែបនេះរបស់សម្តេចធ្វើឡើងកាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា​នេះ ក្នុងពេល​អញ្ជើញ​ទៅពិនិត្យ​មើល​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិតនៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល នឹងត្រូវ​ចំណាយ​ប្រមាណ ២៥​លាន​ដុល្លារ​អាមេរិក ក្នុង ១​ខែៗ សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ ៦០​ម៉ឺន​នាក់​។​ ថវិកទាំងនោះ បានមកពីចំណូលពន្ធគយ ខណៈដែលមន្ត្រីរាជការប្រមាណពី ៦ ទៅ ៧ម៉ឺននាក់ បានស្ម័គ្រចិត្តផ្តល់ប្រាក់បៀរត្សរ៍ដល់រាជរដ្ឋាភិបាល ក្នុងអំឡុងពេលកូវីដ១៩ ដែលទទួលបានសរុបប្រមាណ ១០ម៉ឺនដុល្លារ។ រីឯថវិកាពីសប្បុរសជននានា រាជរដ្ឋាភិបាល ទទួលបានប្រមាណ ១៥លានដុល្លារអាមេរិក ហើយចំណាយទៅវិញក្នុងការទិញសម្ភារៈពេទ្យ អស់​ប្រមាណពី ៨ ទៅ ៩លានដុល្លារ។

​ក្នុង​អនុក្រឹត្យ ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០ បាន​បង្ហាញថា គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សមធម៌ ត្រូវ​បានទទួល​ប្រាក់ឧបត្ថម្ភ ដែល​បែង​ចែកជា ៣​ប្រភេទ ចាប់ពី ១៦០០០ រៀល ដល់ ១២​ម៉ឺន​រៀល ក្នុង ១​ខែ​។ ក្នុងនោះ កុមារ​អាយុ​ក្រោម ៥​ឆ្នាំ ជនពិការ និង​ចាស់ជរា​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង ព្រមទាំង​គ្រួសារ​ក្រីក្រ ដែលមាន​សមាជិក​ផ្ទុកមេរោគ​អេដស៍ ក៏មាន​ឈ្មោះ ទទួលបាន​ប្រាក់ឧបត្ថម្ភ​នេះដែរ​។​

​តាម​អនុក្រឹត្យ ប្រាក់ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ នៅ​ទីប្រជុំជន ក្នុង​រាជធានី​ភ្នំពេញ ទទួលបាន​ពី ២៨០០០ រៀល ដល់ ១២​ម៉ឺន​រៀល​។ ចំណែក​ប្រាក់ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ នៅ​ទីប្រជុំជន ក្រៅពី​រាជធានី​ភ្នំពេញ ក៏​ទទួលបាន​ពី ២៨០០០ រៀល ដល់ ១២​ម៉ឺន​រៀល​ដែរ​។ រីឯ​ប្រាក់ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ នៅ​ជនបទ ទទួលបាន​ចាប់ពី ១៦០០០ រៀល ដល់ ៨​ម៉ឺន​រៀល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា នៅ​ថ្ងៃ​ពុធ ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ រាជរដ្ឋាភិបាល នឹង​ប្រកាស​អនុវត្ត​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នេះ​៕