ខេត្តកណ្តាល​ ទាក់ទាញទុនវិនិយោគប្រមាណជិត២៧លានដុល្លារ​ លើវិស័យឧស្សាហកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2020 ក+ ក-

ខេត្តកណ្តាល ៖ ស្របពេលដែលបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងខេត្តកណ្តាល កំពុងត្រូវបានយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍ នៅក្នុងអំឡុងចុងត្រីមាសទី២ ឆ្នាំ២០២០នេះ លំហូរទុនវិនិយោគបន្ថែមជិត២៧លានដុល្លារទៀត បានចាក់បញ្ចូលទៅក្នុងខេត្តកណ្តាល ទៅលើវិស័យឧស្សាហកម្ម។

លំហូរទុនវិនិយោគ​ បន្ថែមជិត២៧លានដុល្លារ ទៅលើគម្រោងចំនួន៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័តគាំទ្រឱ្យចាប់ដំនើរ​ការនៅក្នុងស្រុកចំនួន២ នៃខេត្តកណ្តាល ដែលស្រូបយកកមលាំងពលកម្មប្រមាណជិត១.៤០០នាក់។
​ គម្រោងទាំង៣ ដែលទទួលបានការគាំទ្រខាងលើនេះ រួមមាន ៖
​ ទី១- ក្រុមហ៊ុន HOUNEN SOLAR INC CO., LTD. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។
ទី២- ក្រុមហ៊ុន LUCKY UNIQUE ENTERPRISE CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥៤កន្លែង។
ទី៣- ក្រុមហ៊ុន HONG FENG KNITTING CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្ទាយតូច ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១៤.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៨៦កន្លែង។
​ អភិបាលខេត្តកណ្តាល ឯកឧត្តម​ គង់ សោភ័ណ្ឌ បានស្វាគមន៍ចំពោះវត្តមានថ្មីនៃក្រុមហ៊ុនវិនិយោគទាំងអស់ខាងលើនេះ ហើយក្នុងនាមជាអាជ្ញាធរក្នុងតំបន់ នឹងព្យាយាមជួយសម្របសម្រួលដល់កិច្ចដំណើរការរបស់ក្រុមហ៊ុន ធ្វើយ៉ាងណាដើម្បីផ្តល់ជូននូវភាពល្អប្រសើរដល់ក្រុមហ៊ុនបណ្តាក់ទុន ក៏ដូចជាសេដ្ឋកិច្ចរបស់សង្គមជាតិផងដែរ៕