សម្ដេចតេជោ ៖ បញ្ហា Covid-19 មិន​មែន​ជា​​ឧបសគ្គ​​សម្រាប់​​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​កម្ពុជា​នោះទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2020 ក+ ក-

ខេត្តកណ្តាល ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មាន​ប្រសាសន៍​បញ្ជាក់​ថា​​៖ ថ្វីត្បិតបញ្ហា Covid-19 បានក្លាយជាវិបត្តិសេដ្ឋកិច្ចជាសាកល ប៉ុន្តែ​វា​មិន​មែនជា​ឧបស​គ្គ​រាំ​ង​ស្ទះ​ដល់កិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេសកម្ពុជានោះទេ។

នៅក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញថ្មី ដែល​នឹង​ក្លាយទៅជាអាកាសយានដ្ឋានដ៏ទំហំប្រចាំប្រទេសស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តាល ជាប់ព្រំប្រទល់ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០២០​នេះ​សម្តេ​ចតេជោថា បញ្ហានៃជំងឺ Covid-19 វាមិនមែនជាបញ្ហា ឬជា​ឧបសគ្គ​សម្រា​ប់​កម្ពុជា​ក្នុង​កិច្ចសាងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសនោះទេ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ៖“កាលពីប៉ុន្មានថ្ងៃមុន សម្តេចបានចុះ ត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ ដែល​រហូត​មក​ដល់​ពេល​នេះ​ជិតបានបញ្ចប់ហើយ ហើយ​តាមរយៈនៃ​ការកសាងទាំងនេះគឺ​មាន​តម្រូវការ​កម្លាំង​កម្មក​រ​បម្រើការងាររាប់ពាន់នាក់។ ដោយឡែក សម្រាប់ការសាងសង់ព្រលានយន្តហោះថ្មីនេះ បើឈានដល់ការសាងសង់ក្នុងដំណាក់កាលទី២ គឺត្រូវការ​កម្លាំង​កម្មករ​រហូត​ប្រមាណ​២​ម៉ឺន​នាក់ក្នុងមួយថ្ងៃ”។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា៖ ក្រៅពីការសាងសង់ទាំងនេះ សម្រាប់​តែ​ផ្នែក​សាងសង់លំនៅដ្ឋានក៏សុទ្ធតែមានដំណើរការ ដូចជាក្រុមហ៊ុនជីបម៉ុង ក្រុម​ហ៊ុន​បុរី​ប៉េងហួត និង​ក្រុមហ៊ុន​ផ្សេង​ៗ​មួយ​ចំនួន​នៅ​តែ​បន្ត​សកម្ម​ភាព​សាង​សង់​ដែលមា​ន​តម្រូវ​ការ​ផ្នែក​កម្លាំង​ពលកម្មដដែល ដូច្នេះវាអត់ទា​ន់​មាន​អីប្រែប្រួល​ច្រើន​នោះទេ​ដែល​បណ្តាល​ម​ក​ពី Covid-19 លើកលែងតែវិស័យចំនួន២ រួមមានវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ។

ជាមួយគ្នានេះ សម្ដេចតេជោ បានលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនឯកជន និង​អ្នកអភិវឌ្ឍន៍​ទាំង​អស់ បន្តសកម្មភាពសាងសង់ និងវិនិយោគរបស់ខ្លួនបន្តទៀត ព្រោះវិបត្តិ Covid-19 មិន​មែន​ជាឧបសគ្គធំសម្រាប់កម្ពុជានោះទេ ខណៈដែ​លពិភពលោ​កកំពុងតែ​ទទួល​បាន​សញ្ញា​វិជ្ជ​មានក្នុងការឈានទៅសម្រេចបាន១០០ភាគរយ៕