កម្ពុជាសម្រេចបើកច្រកព្រំដែនជាមួយវៀតណាមឡើងវិញ ក្រោយបិទដោយសារកូវីដ-១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2020 ក+ ក-

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនិរាករណ៍សេចក្ដីសម្រេច ស្ដីពីការផ្អាកជាបណ្ដោះអាសន្ន ចំពោះការធ្វើដំណើរចូលកម្ពុជា ដោយពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលវៀតណាម ដោយពលរដ្ឋកម្ពុជា។

យោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ផ្ញើជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសងមហាផ្ទៃបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនិរាករណ៍ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសស្ដីពី ការផ្អាកជាបណ្ដោះអាសន្ន ចំពោះការធ្វើដំណើរចូលប្រទេសកម្ពុជា ដោយពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាម ដោយពលរដ្ឋកម្ពុជាតាម ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

ក្នុងលិខិតចុះហត្ថលេខាដោយលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិនោះ បានបញ្ជក់ថា ចាប់ពីពេលនេះតទៅ ជាមួយវៀតណាម កម្ពុជានឹងអនុវត្តសេចក្ដីប្រកាសចុងក្រោយរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដូចដែលបានអនុវត្តកន្លងរួចមកហើយ ជាមួយ ប្រទេសដទៃទៀត ដោយអនុញ្ញាតឱ្យពលរដ្ឋវៀតណាម ចូល-ចេញ កម្ពុជា និងតម្រូវឱ្យពលរដ្ឋវៀតណាមទាំងអស់នោះ អនុវត្តតាមវិធានសុខាភិបាល ដែលបានដាក់ចេញដោយគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវិដ-១៩។

ជាងនេះទៅទៀត ពលរដ្ឋវៀតណាម ជាពិសេស អ្នកបច្ចេកទេស វិនិយោគិន និស្សិត និងពលរដ្ឋវៀតណាមផ្សេងៗទៀត អាចនឹងទទួលបានទិដ្ឋាការផ្សេងៗ លើកលែងតែទិដ្ឋាការទេសចរណ៍ ស្រមតាមអនុក្រឹត្យស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្ដោប្រវេសន៍ចូល-ចេញ និងស្នាក់អាស្រ័យនៅកម្ពុជា។

គួររម្លឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាទៅក្រសួងការបរទេស ឱ្យផ្ញើលិខិតផ្លូវការមួយទៅស្ថានទូតវៀតណាមប្រចាំកម្ពុជា បញ្ជាក់ពីការបិទព្រំដែនបណ្ដោះអាសន្ន មិនអនុញ្ញាតឱ្យពលរដ្ឋប្រទេសទាំងពីរឆ្លងកាត់ ចាប់ពីម៉ោង ២៣:៥៩នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០៕