ខេត្តបន្ទាយមានជ័យ តែងតាំងប្រធានមន្ទីរសាធារណការថ្មី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2020 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ លោក សុក ចាន់ថា ត្រូវបានប្រកាសចូលកាន់តំណែងជា ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ជំនួសលោក គឹម សុវណ្ណ ដែលត្រូវបានដកអោយទៅបម្រើការងារនៅក្រសួងវិញ។ ពិធីប្រកាសធ្វើឡើងនៅរសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០ នាសាលប្រជុំសាលាខេត្តបន្ទាយមានជ័យក្រោមវត្តមានលោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន តំណាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន លោក ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួម ពីសំណាក់អស់លោកប្រធាន អនុប្រធាន មន្ទីរ ស្ថាប័ន អង្គភាព ជុំវិញខេត្តជាច្រើននាក់ផងដែរ។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យថ្មី បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលមានការជឿទុកចិត្ត ចំពោះរូបលោក និងបានស្នើតែងតាំងរូបលោកជាប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ។ លោកក៏បាន ធ្វើការប្តេជ្ញាចិត្តថា ៖ យកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់បន្តអនុវត្តនូវគោលការណ៍យុទ្ធសាស្រ្តចតុកោណ របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ អនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលនយោបាយ និងផែនការការងាររបស់ក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍខេត្ត ។ ពង្រឹងសមត្ថភាពការងាររបស់មន្ត្រីក្រោមឱវាទ លើកទឹកចិត្ត និងចាត់ចែងការទទួលខុសត្រូវឲ្យបានល្អ ដើម្បីធានាបាននូវការអនុវត្តការងារ និងទទួលបានលទ្ធផលការងារល្អ ។ ពង្រឹងដល់ការផ្ដល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ពេលវេលាប្រកបដោយតម្លាភាព ។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ។ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយ អង្គភាពដែលមានការពាក់ព័ន្ធដើម្បីសម្រេចបានគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ។
ក្នុងពិធីនេះលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ វាយតម្លៃនិងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ របស់លោកប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យចាស់ ដែលសម្រេចបានល្អប្រសើរបំផុត ។ និងបានសំណូមពរដល់ ថ្នាក់ដឹកនាំនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន មេត្តារៀបចំកន្លែងការងារ ដែលល្អប្រសើរជូនដល់លោក គឹម សុវណ្ណ ប្រធានមន្ទីរចាស់ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីល្អ ។ ឯកឧត្តម ក៏បានមានប្រសាសន៍ សង្ឃឹមយ៉ាងមុតម៉ាំថា លោកប្រធានមន្ទីរសាធារណៈការថ្មី នឹងបន្តកិច្ចសហប្រតិបត្តិការល្អនិងរឹងមាំ ជាមួយមន្ទីរអង្គភាពដែលពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចការងារឲ្យបានល្អប្រសើរ ជាពិសេសត្រូវពង្រឹងកិច្ចសហការផ្ទៃក្នុងជាមួយមន្ត្រីក្រោមឱវាទ ដោយយកគំរូតាមលោកប្រធានចាស់ ។
ជាមួយគ្នានេះលោក ស៊ុយ សាន រដ្ឋលេខាធិកាក្រសួងសាធារណៈការនិងដឹកជញ្ជូន តំណាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា លោកប្រធានមន្ទីរសាធារណការថ្មី គឺជាវិស្វករសំណង់ស៊ីវិល ដែលមានជំនាញច្បាស់លាស់ និងបានឆ្លងកាត់ការបណ្ដុះបណ្ដាលត្រឹមត្រូវ ហើយកន្លងមកលោកក៏ធ្លាប់ធ្វើជាអនុប្រធានមន្ទីរសាធារណៈការខេត្ត ។ លោកក៏បានផ្តាំផ្ញើផងដែរ ចំពោះលោកប្រធានមន្ទីរថ្មី ឲ្យបន្តអនុវត្តការងារឲ្យបានលទ្ធផលល្អប្រសើរ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ សំដៅបន្តអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ការផ្ដល់សេវាសាធារណៈចាំបាច់ និងសេវាតម្រូវការគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យបានលទ្ធផលការងារល្អ ស្របតាមពាក្យថា “ធ្វើឲ្យបាន ធ្វើឲ្យឆាប់ និងធ្វើឲ្យមានតម្លាភាព” ។ ជាពិសេស ត្រូវធានាទប់ស្កាត់ឲ្យបាន ចំពោះយានយន្តដឹកទំនិញលើសទម្ងន់ ចូលរួមលុបបំបាត់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលបាននឹងកំពុងធ្វើចរាចរណ៍លើដងផ្លូវឲ្យកាន់តែមានប្រសិទ្ធភាព ។ និងសុំឲ្យមន្ត្រីរបស់យើង បន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល រក្សាអនាម័យខ្លួនប្រាណ កាត់បន្ថយការជួបជុំ បើមិនចាំបាច់ត្រូវរក្សាគម្លាត និងពាក់ម៉ាស់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ដែលជាជំងឺដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំការពារនៅឡើយ៕