សម្តេច ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» នៅថ្ងៃទី២៦មិថុនា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2020 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលនឹងប្រព្រឹត្តទៅ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។

ការចូលរួមក្នុងកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំ រួមមាន ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ ថ្នាក់ដឹកនាំនឹងផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩ វិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងសហគមន៍ពិភពលោក៕