ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង អំពាវនាវឲ្យផ្អាកការនេសាទនៅរដូវត្រីពង ជាពិសេសត្រីប៉ាសេអ៊ី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 June, 2020 ក+ ក-

ខេត្តស្ទឹងត្រែង ៖ ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង អំពាវនាវឲ្យប្រជាពលរដ្ឋផ្អាកការនេសាទ ជាពិសេសការនេសាទត្រីប៉ាសេអ៊ី នៅរដូវត្រីពង ដើម្បីរក្សាចំនួនត្រីឲ្យមានស្ថេរភាព និងបង្កើនបរិមាណមច្ឆជាតិ។

ថ្លែងនៅក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តស្ទឹងត្រែង លោក លាង សេង បានឲ្យដឹងថា រដូវត្រីពងបានចូលមកដល់ រាល់ការ នេសាទលក្ខណៈទ្រង់ទ្រាយធំជាអាជីវកម្មអាជីវកម្ម ត្រូវបានបិទជាបណ្តោះអាសន្ន។ លោកបានក្រើនរំលឹកដល់ប្រជានេសាទ ចូលរួមគោរពច្បាប់ និងទប់ស្កាត់ បទល្មើសនេសាទនៅរដូវត្រីពងកូន ដើម្បីបង្កើនទិន្នផលត្រីឲ្យកាន់តែច្រើនថែមទៀត។ ជាពិសេសប្រជានេសាទ ត្រូវផ្អាកការនេសាទត្រីនៅរដូវនេះ ដើម្បីទុកឱកាស សម្រាប់ការបន្តពូជរបស់ត្រី ជាពិសេសគឺត្រីប៉ាសេអ៊ី ដែលជាប្រភេទត្រីកម្រនិងស្ទើរតែជិតផុតពូជទៅហើយនោះ។ លោកពន្យល់ថា ខេត្តស្ទឹងត្រែងបានបិទការនេសាទ តាំងតែពីថ្ងៃទី០១ ខែឧសភា ពោលគឺបិទមុនខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា១ខែ ដោយសារតែខេត្តនេះមានលក្ខណៈពិសេសគឺជាជំរុំមេត្រីពូជ ពិសេសគឺត្រីប៉ាសេអ៊ី។

លោកបានបន្ថែមទៀតថា ត្រីប៉ាសេអ៊ីគឺជាប្រភេទត្រីដែលមានរសជាតិឆ្ងាញ់ជាងប្រភេទត្រីនានា ដូច្នេះហើយទើបធ្វើឲ្យត្រីនេះមានតម្លៃថ្លៃ។ ត្រីដែលមានទម្ងន់ក្រោមមួយគីឡូក្រាម មានតម្លៃចាប់ពី ១០ម៉ឺនរៀលទៅ ១៥ម៉ឺនរៀល ឯត្រីដែលមានទម្ងន់លើសមួយគីឡូក្រាម ក្នុងមួយគីឡូមានតម្លៃចាប់ពី ៤០ម៉ឺនរៀលទៅ៦០ម៉ឺនរៀល។

គួរបញ្ជាក់ផងដែរថា ទិន្នផលត្រីដែលប្រជានេសាទ នេសាទបានក្នុងលក្ខណៈគ្រួសារមុនពេលបិទការនេសាទ នៅក្នុងឆ្នាំ២០២០នេះ គឺទទួលបានទិន្នផលសរុបជិត១០០តោនផងដែរ៕