បច្ចុប្បន្ន កម្ពុជាមានវារីអគ្គិសនីចំនួន ៧ទីតាំង ដែលកំពុងដំណើការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 June, 2020 ក+ ក-

ភ្នំពេញ៖ យោងតាមការបង្ហាញរបស់ក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២០ ប្រទេសកម្ពុជា មានវារីអគ្គិសនីចំនួន ៧ទីតាំង ដែលកំពុងផលិតថាមពលអគ្គិសនីនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រសួងបញ្ជាក់ថា វារីអគ្គិសនីរបស់ប្រទេសកម្ពុជាទាំង ៧ទីតាំង រួមមាន៖
*១. វារីអគ្គិសនីគីរីរម្យ១ ជាគម្រោងវារីអគ្គិសនីទី១ របស់កម្ពុជា ដែលបានស្តារឡើងវិញនៅឆ្នាំ២០០២ មានអានុភាពផលិតអគ្គិសនីបាន១២មេហ្កាវ៉ាត់។ វារីអគ្គិសនីនេះ មានទីតាំងគម្រោងស្ថិតនៅស្ទឹងច្រាល មានទំនប់ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ និងស្ថានីយវារីអគ្គិសនី ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ក្រុមហ៊ុន CETIC International Hydropower Development Co., Ltd. ជាក្រុមហ៊ុនទទួលវិនិយោគលើគម្រោងវារីអគ្គិសនីដំបូងគេរបស់កម្ពុជា ដែលមានទុនវិនិយោគ ២៦លានដុល្លារ។

*២. វារីអគ្គិសនីកំចាយ ជាវារីអគ្គិសនីទី២ របស់កម្ពុជា ដែលមានអានុភាពផលិតអគ្គិសនី ១៩៤.១មេហ្កាវ៉ាត់ ដែលបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១១។ វារីអគ្គិសនីនេះ មានទីតាំងស្ថិតនៅស្ទឹងកំចាយ ឬហៅថាព្រែកទឹកឈូ ស្ថិតនៅឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្ដកំពត អមដោយទេសភាពយ៉ាងស្រស់ត្រកាល ផងដែរ។ ក្រុមហ៊ុនវិនិយោគលើគម្រោងវារីអគ្គិសនីទី២ នេះគឺក្រុមហ៊ុន Sinohydro Kamchay Hydroelectric Project ។

*៣. វារីអគ្គិសនីគិរីរម្យ៣ ដែលមានអានុភាពផលិតអគ្គិសនី ១៨មេហ្កាវ៉ាត់ និងជាគម្រោងវារីអគ្គិសនីទី៣ របស់កម្ពុជា ដែលបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៣ ។ វារីអគ្គិសនីគិរីរម្យ៣ នេះ មានទីតាំងស្ថិតនៅតាមដងស្ទឹងពង្រួល ដែលជាដៃមួយរបស់ព្រែកកំពង់សោម ក្នុងឃុំដងព្រែក ស្រុកស្រែអំបិល ខេត្តកោះកុង ។ ក្រុមហ៊ុនវិនិយោគលើគម្រោងនេះ គឺក្រុមហ៊ុន CETIC International Hydropower Development Co., Ltd.។

*៤. វារីអគ្គិសនីស្ទឹងអាតៃ ជាវារីអគ្គិសនីទី៤ របស់កម្ពុជា មានអានុភាពផលិតអគ្គិសនី ១២០ មេហ្កាវ៉ាត់ ដែលបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៤។ វារីអគ្គិសនីនេះ មានទីតាំងក្នុងតំបន់ត្រីកោណ ស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តពោធិ៍សាត់ (ក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់)។ វារីអគ្គិសនីស្ទឹងអាតៃនេះ វិនិយោគដោយក្រុមហ៊ុន C.H.D (Cambodia) Hydropower Development Co., Ltd. ដែលមានអានុភាពតម្លើង ១២០មេហ្កាវ៉ាត់។

*៥. វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម ជាវារីអគ្គិសនីទី៥ របស់កម្ពុជា មានអានុភាពផលិតអគ្គិសនី ៣៣៨មេហ្កាវ៉ាត់ និងបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៥។ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម មានទីតាំងគម្រោង នៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្រុមហ៊ុនវិនិយោគ China Huadian Lower Stung Russei Chrum Hydro-Electric Project (Cambodia) Co., Ltd. ។

*៦. វារីអគ្គិសនីស្ទឹងតាតៃ ជាវារីអគ្គិសនីទី៦ របស់ព្រះរាជាណាចក្រកម្ពុជា មានអានុភាពផលិតអគ្គិសនី ២៤៦មេហ្កាវ៉ាត់ និងបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៥។ វារីអគ្គិសនីស្ទឹងតាតៃ មានទីតាំងគម្រោមនៅឃុំតាតៃ ស្រុកកោះកុង និងមានទីតាំងទំនប់ព្រមទាំងអាងទឹក ស្ថិតនៅក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ ក្រុមហ៊ុនវិនិយោគ Cambodian Tatay Hydropower Limited ។

*៧. វារីអគ្គិសនីសេសានក្រោម២ ដែលជាវារីអគ្គិសនីទី៧ របស់ព្រះរាជាណាចក្រកម្ពុជា មានអានុភាពផលិតអគ្គិសនី ៤០០មេហ្កាវ៉ាត់ និងបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៨។ វារីអគ្គិសនីសេសានក្រោម២ មានទីតាំងនៅចំណុចប្រសព្វនៃទន្លេសេសាន និងទន្លេស្រែពក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ក្រុមហ៊ុនវិនិយោគ Hydropower Lower Se San 2 Co., Ltd.៕