អាស៊ាន​សម្រេច​លុបចោល​ព្រឹត្តិការណ៍ ASEAN Para Games  ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 June, 2020 ក+ ក-

អាស៊ាន ៖ ក្រុមប្រឹក្សាភិបាល និង​សមាជិក​នៃ​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ី​អាគេ្នយ៍ បានសម្រេច​ចិត្ត​លុបចោល​ព្រឹត្តិការណ៍​កីឡា​ជនពិការ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ASEAN Para Games លើក​ទី​១០ ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​ហ្វីលីពីន​ហើយ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ (Covidi-19)​។​

​ការសម្រេច​លុបចោល​ព្រឹត្តិការណ៍​២​ឆ្នាំ​ម្ដងនេះ បន្ទាប់ពី​មាន​កិច្ចប្រជុំ​បន្ទាន់​មួយ​កាលពី​ចុង​សប្ដាហ៍​មុន ដោយមាន​ការចូលរួម​ទាំងអស់ ពី​សមាជិក​គណៈកម្មាធិកា​រ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ី​អាគេ្នយ៍ ដើម្បី​ពិភាក្សាគ្នា ក្រោយ​ម្ចាស់ផ្ទះ​ហ្វីលីពីន បានស្នើ​លុបចោល​ព្រឹត្តិការណ៍​នេះ​។ ជា​លទ្ធផល​សមាជិក​ទាំ​ង​អស់ បាន​ឯកភាពគ្នា​តាម​សំណើ​ម្ចាស់ផ្ទះ ដ្បិត​ប្រទេស​នីមួយៗ​សុទ្ធតែ​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​កូ​វីដ​-១៩ ដូចគ្នា​។​

​គួរ​បញ្ជាក់ថា មុន​ឈានដល់​ការសម្រេច​លុបចោល​ព្រឹត្តិការណ៍​ខាងលើ ម្ចាស់ផ្ទះ​ហ្វីលីពីន បានប្រកាស​ពន្យារពេល​ចំនួន ២​លើក​រួចមកហើយ​។ ដំបូង​ឡើយ ព្រឹត្តិការណ៍​នេះ គ្រោង​ប្រកួត​អំឡុង​ខែមករា ឆ្នាំ​២០២០ ពោលគឺ​ក្រោយ ១​ខែ បន្ទាប់ពី​ចប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ កាលពី​ចុងឆ្នាំ​២០១៩ តែ​ត្រូវ​ពន្យារពេល​លើក​ទី​១ ទៅ​ប្រកួត​អំឡុង​ខែមីនា ឆ្នាំ​២០២០ ហើយ​បន្ដ​ពន្យារពេល​លើក​ទី​២ មក​ប្រកួត​នៅ​ខែតុលា ឆ្នាំ​២០២០៕