Trump ៖ កងទ័ព​អាមេរិក​ដែល​ដក​ពី​អាល្លឺម៉ង់​ប្រហែល​នឹង​បញ្ជូនទៅប៉ូឡូញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 June, 2020 ក+ ក-

អាមេរិក ៖ ប្រធានាធិបតី​អាមេរិក លោក Donald Trump បាន​បញ្ជាក់ថា កងទ័ព​អាមេរិក​ដែល​ដក​ចេញពី​ទឹកដី​អាល្លឺម៉ង់​នោះ ប្រហែលជា​នឹងត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​ប៉ូឡូញ​។ នេះ​បើតាម​សារព័ត៌មាន CGTN នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០។​

ការកត់សម្គាល់​បែបនេះ​របស់លោក Donald Trump ធ្វើឡើង​នាឱកាស​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ស្វាគមន៍​ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda នៅឯ​សេត​វិមាន បួន​ថ្ងៃ​មុនពេល​រៀបចំ​ការបោះឆ្នោត​ក្នុងប្រទេស​ប៉ូឡូញ​។ ទន្ទឹម​នោះ លោក​និយាយថា យើង​នឹង​កាត់បន្ថយ​កងកម្លាំងរ​បស់​យើង​នៅ​អាល្លឺម៉ង់ ចាប់ពី​ចំនួន​៥​ម៉ឺន​២​ពាន់​នាក់​ទៅ​២​ម៉ឺន​៥​ពាន់​នាក់​វិញ​។​

​លោក Donald Trump បាន​សង្កត់​ថា កងកម្លាំង​មួយចំនួន​នឹង​បញ្ជូន​ត្រឡប់​មកកាន់​មាតុប្រទេស​វិញ ហើយ​មួយចំនួនទៀត​នឹងត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​ផ្សេងទៀត ហើយ​ក្នុងចំណោម​ប្រទេស​ទាំងនោះ ក៏​រួមមាន​ប្រទេស​ប៉ូឡូញ​ផងដែរ​។​

​ក្រៅពី​ការបញ្ជូន​កងទ័ព​ខាងលើនេះ ជំនួប​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ​ក៏បាន​ផ្តោត​សំខាន់​ពាក់ព័ន្ធ​នឹង​អង្គការ NATO កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ថាមពល​សន្តិសុខ ក្នុងចំណោម​ប្រធានបទ​សំខាន់ៗ​ដទៃទៀត​៕