IMF ៖ កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២០នេះ នឹងធ្លាក់ចុះ៤,៩%
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 June, 2020 ក+ ក-

ពិភពលោក ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃពុធ បានកែប្រែការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចសកល ដោយសារតែវីរុសកូវីដ១៩ កំពុងបង្កការខូចខាតធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកលើសពីការរំពឹងទុកពីមុន។

យោងតាមការព្យាករថ្មីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២០នេះ នឹងធ្លាក់ចុះ៤,៩%  ដោយបង្កឱ្យខាតបង់ជាទឹកប្រាក់ចំនួន ១២ពាន់ពាន់លានដុល្លារក្នុងរយៈពេល២ឆ្នាំ។

ការព្យាករថ្មីនេះ គឺខ្ពស់ជាងការព្យាករកាលពីខែមេសា  ១,៩%  ដែលនៅពេលនោះមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)  បានព្យាករថា  កំណើនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះតែ៣%ប៉ុណ្ណោះ។ សេដ្ឋកិច្ចអាមេរិក ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ៨%  ចំណែកតំបន់ចាយប្រាក់អឺរ៉ូ នឹងធ្លាក់ចុះ១០,២%  ហើយសេដ្ឋកិច្ចជប៉ុន អាចនឹងធ្លាក់ចុះ៥,៨%។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រកាសក្នុងរបាយការណ៍ថ្មីរបស់ខ្លួនថា  «ការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩ មានផលប៉ះពាល់អវិជ្ជមានទៅលើសកម្មភាពសេដ្ឋកិច្ចពិភពលោកនៅឆមាសទីមួយ  នៃឆ្នាំ២០២០ ច្រើនជាងការរំពឹងទុក  ហើយការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច ត្រូវបានគេប៉ាន់ស្មានថា នឹងមានសភាពយឺតជាងការព្យាករពីមុន»៕