ថ្ងៃនេះ ពលរដ្ឋជាង២លាន៥សែននាក់ទទួលបានកញ្ចប់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 June, 2020 ក+ ក-

ភ្នំពេញ ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់ការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ រួចមកនោះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះ មានប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងអំឡុងពេលអន្តរកាល ចំនួន ៨.៨២៣ គ្រួសារ ស្មើនឹងទឹកប្រាក់ ១៥៧៩លាន ៤២០ពាន់ រៀល ក្នុងចំណោមពលរដ្ឋក្រីក្រជាង ៥៦ម៉ឺនគ្រួសារ ស្មើនឹងចំនួនមនសុ្សជាង ២លាន ៥សែននាក់ នៅទាំងប្រទេស នឹងទទួលបានការឧបត្ថម្ភនេះ។

នេះបើតាម លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានថ្លែងឱ្យដឹងនៅក្នុងសន្នីសីទសារព័ត៌មានស្តីពី «នីតិវិធី និងដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩» ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាទីស្តីការគណៈរដ្ឋមន្រ្តី។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខមាលភាពសង្គម នៃក្រសួងសង្គមកិច្ចអតីតៈយុទ្ធជននិងយុវនិតិសម្បទាបានថ្លែងឱ្យដឹងថា ប្រជាពលរដ្ឋមានបណ្ណសមធម៌ ដែលទទួលបានការវាយតម្លៃពីឃុំសង្កាត់នោះ សូមទៅទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលតាមរយៈធនាគារឯកទេសវីង ទៅតាមការគណនាជូន ដោយមិនមានការកាត់សេវាកម្មអ្វីឡើយ។

លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាននៃក្រសួងផែនការ បានបញ្ជាក់ពីនិតិវិធីកំណត់អត្ថសញ្ញាណគ្រួសារក្រីក្រ របស់ក្រសួងផែនការ តាមការស្នើសុំ ដែលមកដល់ពេលនេះបានធ្វើការកំណត់តាមជុំធម្មតាគឺចំនួន១៣ជុំហើយ ប៉ុន្តែចំនួននេះនៅមិនទាន់គ្រប់គ្រាន់សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ក្នុងកម្មវិធីឧបត្ម្ភសាច់ប្រាក់នៅពេលនេះទេ។

លោក សំហេង បុរស ក៏បានបញ្ជាក់ដែរថា ប្រមុខរាជរដ្ឋាភិបាល បានគិតគូរបញ្ហានេះ តាំងពីដែលកម្ពុជាបានទទួលរងការរាតត្បាតជំងឺផ្លូវដង្ហើមកូវីដ១៩មកម៉្លេះ។ រាល់ការការគិតគូរនោះបានចេញជាលទ្ធផលជាក់ស្តែងដូចដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា គឺមិនទុកឱ្យពលរដ្ឋណាម្នាក់ ដាច់ពោះស្លាប់ដោយមិនបានដឹងនិងមិនបានដោះស្រាយនោះទេ។

លោករដ្ឋលេខាធិការ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពិតប្រាកដនិង ជនងាយរងគ្រោះ ទាំងអ្នកមានបណ្ណសមធម៌ និង អ្នកមិនទាន់ទទួលបានបណ្ណសមធម៌ត្រូវធ្វើទំនាក់ទំនងផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ដើម្បីដាក់ពាក្សស្នើធ្វើបណ្ណសមធម៌នេះ៕