ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា គិតត្រឹមថ្ងៃនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 June, 2020 ក+ ក-

​ភ្នំពេញ ៖ រហូតដល់ម៉ោង​០៨ និង៣០​ព្រឹក ថ្ងៃទី​២៦​ មិថុនា​ ២០២០​ ពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ដូច្នេះចំនួនសរុបកូវីដ-១៩​ ចំនួន១៣០នាក់​ដដែល​ ចំនួនសំរាកនៅពេទ្យនៅសល់២នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន១២៨នាក់​ និងស្លាប់គ្មាន​។ នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។

ទោះបែនេះក្តី CDC បានលើកឡើងថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ និងអំពាវនាវសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​។

CDC បន្តថា យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។ ល។ ទន្ទឹមនោះយើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ ល។ ហើយត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​។

សូមបញ្ជាក់ថា​ ប្រទេសកម្ពុជារកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​។ ទន្ទឹមនោះកម្ពុជាបានធ្វើតេស្តរកមេរោគកូវីដ១៩លើមនុស្សចំនួន៣៣៨១២ ស្មើនឹង២០៣៦ ក្នុង១លាននាក់៕