WHO ៖ ការផលិត​វ៉ាក់សាំង​ប្រឆាំងនឹង​កូ​វីដ​១៩​អាច​និង​ចំណាយពេល​រាប់​ខែ​រាប់​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 June, 2020 ក+ ក-

ព្រុ​ច​សែ​ល ៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ​វា​មិនទាន់​ប្រាកដថា អ្នកវិទ្យាសាស្ត្រ​នឹង​អាចបង្កើត​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​មេរោគ​ឆ្លង​កូ​វីដ​១៩​ឲ្យ​បាន​ឆាប់រហ័ស​នោះឡើយ ប៉ុន្តែ​វា​អាច​នឹងត្រូវ​ចំណាយពេល​ដល់​រាប់​ខែ​រហូតដល់​រាប់​ឆ្នាំ ដើម្បី​ផលិត​វ៉ាក់សាំង​មួយ​ឲ្យ​ចេញ​ជា​លទ្ធផល​។ នេះ​បើតាម​ការដកស្រង់​ពី​សារព័ត៌មាន CNA​។

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​តាមរយៈ​វីដេអូ​ខុន​ហ្វ្រិ​ន ទៅកាន់​សមាជិកសភា​មកពី​គណៈកម្មាធិការ​សុខភាព​របស់​សភា​អឺរ៉ុប​លោក Tedros Adhanom Ghebreyesus បាន​និយាយថា​ប្រសិនបើ​វ៉ាក់សាំង​ណាមួយ ត្រូវបាន​ផលិត​ដោយ​ជោគជ័យ​នោះ វា​នឹង​ក្លាយជា​ទំនិញ​សាធារណៈ ដែល​អាច​បញ្ជូន​ទៅគ្រប់​គ្នា​ទាំងអស់ នៅលើ​សកលលោក​នេះ​។​

​លោក Tedros បាន​និយាយថា​“ វា​ជា​រឿង​ដ៏​លំបាក​មួយ​ក្នុងការ​ធានាថា យើង​នឹងមាន​វ៉ាក់សាំង​។ យើង​មិនទាន់មាន​វ៉ាក់សាំង​ណាមួយ សម្រាប់​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​នោះទេ​។ ដូច្នេះ​ប្រសិនបើ​វា​ត្រូវបាន​រកឃើញ នោះ​វា​នឹង​ក្លាយជា​វ៉ាក់សាំង​ដំបូង​។ ខ្ញុំ​សង្ឃឹមថា វ៉ាក់សាំង​នឹងត្រូវ​រកឃើញ​” ។​

​លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​អង្គការ​សុខភាព​ពិភពលោក​បានទទួល​ដឹងលឺ​អំពី​ការធ្វើ​តេស្ត​វ៉ាក់សាំង សរុប​ជាង ១០០​ហើយ មកពី​បណ្តា​ប្រទេស និង​ក្រុមហ៊ុន​នានា​លើ​លោក​។ លោក​បាន​មានប្រសាសន៍ថា “​យើង​សង្ឃឹមថា នឹងមាន​វ៉ាក់សាំង តាម​ការប៉ាន់ស្មាន​គឺ​ក្នុង​រយៈពេល​មួយឆ្នាំ​។​ប្រសិនបើ​បង្កើនល្បឿន​វា​អាច​នឹង​តិចជាង​នេះ ខណៈ​ប្រទេស​បី ដែល​កំពុង​ធ្វើតេស្ត​វ៉ាក់សាំង​ឈានដល់​ដំណាក់កាល​ទី ៣ ទៅលើ​មនុស្ស​នោះ​មានដូចជា សហរដ្ឋអាមេរិក ចិន និង​អាល្លឺម៉ង់ ហើយ​គ្រប់គ្នា​កំពុង​ទន្ទឹម​រង់ចាំ​លទ្ធផល​៕