អ្នកនាំពាក្យ ៖ កម្លាំងរក្សាសន្តិភាពកម្ពុជាដែលឆ្លងជំងឺកូវីដ១៩ នៅប្រទេសម៉ាលីបានជាសះស្បើយអស់ហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 June, 2020 ក+ ក-

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានឆ្លងជំងឺកូវីដ១៩ នៅសាធារណរដ្ឋម៉ាលី ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ បានជាសះស្បើយទាំងស្រុងហើយ ដោយមិនមានករណីឆ្លងថ្មីលើទាហានកម្ពុជាទៀតឡើយ។

តាមរយៈហ្វេសប៊ុក នាយឧត្តមសេនីយ៍បានថ្លែង គិតរហូតដល់ពេលនេះ (ថ្ងៃទី២៦ ខែមិថុនា) កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានឆ្លងជំងឺកូវីដ១៩ នៅសាធារណរដ្ឋម៉ាលី ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ បានជាសះស្បើយទាំងស្រុងហើយ ដោយមិនមានករណីឆ្លងថ្មីលើទាហានកម្ពុជាទៀតឡើយ។

នាយឧត្តមសេនីយ៍បន្តថា នៅសាធារណរដ្ឋម៉ាលី មានកងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន១០នាក់ ដែលបានទៅបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ក្នុងនោះមាន៩នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង១នាក់បានពលីជីវិត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

ទោះបីជាពិភពលោក បានប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ មិនបានរាថយក្នុងការបញ្ជូនកងកម្លាំងទៅបំពេញប្រតិបត្តិការការងារមនុស្សធម៌តាមរយៈអង្គការសហប្រជាជាតិ នៅក្រៅប្រទេសនោះឡើយ។

បើតាមនាយឧត្តមសេនីយ៍បានបញ្ជាក់ថា រហូតដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា មានកងកម្លាំងចំនួន៥កង សរុបចំនួន៧៨៧នាក់(នារីចំនួន ៧៦នាក់) កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានប្រទេសលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ក្រៅពីប្រទេសម៉ាលី នៅប្រទេស៤ផ្សេងទៀត មិនមានកងកម្លាំងរក្សាសន្តិភាពកម្ពុជា បានឆ្លងជំងឺកូវីដ១៩នោះឡើយ។

ក្រសួងការពារជាតិ តាមរយៈមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោះសំអាតមីន និងគ្រាន់មិនទាន់ផ្ទុះ នៅតែបន្តធ្វើការតាមដាន និងណែនាំជាប់ជាប្រចាំ ព្រមទាំងក្រើនរំលឹកដល់កងកម្លាំងទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19៕