ចំនួនអ្នកឆ្លង COVID-19 លើលោកកើនជាង១០.២លាននាក់ ស្លាប់ជាង៥០ម៉ឺននាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2020 ក+ ក-

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១០,២៣៧,៩៤៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥០៤,០៧៦នាក់ និងជាសះស្បើយឡើងវិញ ៥,៥៤៧,៥២៧នាក់។

គេហទំព័រដដែល​​ បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៦៣៦,៩៥២នាក់ ស្លាប់ចំនួន ១២៨,៤៣៧នាក់ និងជាសះស្បើយចំនួន ១,០៩១,៣៤៧នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៣៤៥,២៥៤នាក់ ស្លាប់ចំនួន ៥៧,៦៥៨នាក់ និងជាសះស្បើយ ៧៣៣,៨៤៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៦៣៤,៤៣៧នាក់ ស្លាប់ ៩,០៧៣នាក់ និងជាសះស្បើយ ៣៩៩,០៨៧នាក់៕