បុរសម្នាក់ស្លាប់ភ្លាមៗដោយសាកសពត្រូវបែកខ្ចាយជាបំណែកៗ ខណៈយកគ្រាប់បែកមកកែច្នៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2020 ក+ ក-

ខេត្តកណ្ដាល ៖ បុរសម្នាក់បានស្លាប់ភ្លាមៗដោយសាកសពត្រូវបែកខ្ចាយជាបំណែកៗ ដោយសារឥទ្ធិពលនៃគ្រាប់បែក ដែលខ្លួនបានយកមកកែច្នៃ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ វេលាម៉ោង ១២ និង៤៥នាទី ចំណុចភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ អ៊ី សារិន ហៅ ប៉ាត ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិប្បកម្មកែច្នៃនៃគ្រឿងយន្តកសិកម្ម មានទីលំនៅភូមិ ត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

តាមការបំភ្លឺរបស់កូនបង្កើតជនរងគ្រោះឈ្មោះ យន ថានុង អាយុ២៥ឆ្នាំ បានឲ្យដឹងថា នាថ្ងៃកើតហេតុ ជនរងគ្រោះ បានយកគ្រាប់ប្រភេទពុំស្គាល់ ដោយប្រើម៉ូទ័រមកអារកាត់កែច្នៃ នៅក្នុងរោងសិប្បកម្មរបស់ខ្លួន។ រំពេចនោះស្រាប់តែផ្ទុះគ្រាប់យ៉ាងសន្ធឹក ដែលបណ្ដាលឱ្យជនរងគ្រោះស្លាប់ដាច់សាច់ខ្ទាតជាបំណែក នៅជុំវិញកន្លែងកើតហេតុតែម្ដង។

ជាមួយគ្នានេះ អាជ្ញាធរមីន​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង​អស់ នៅពេលឃើញគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់​​ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស​ ពិការ​ គ្រប់ពេល​ និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕