ព្យុះភ្លៀង​វាយប្រហារ​ភាគខាងត្បូង​ប្រទេស​ចិន ផ្ដាច់ជីវិត​មនុស្ស​១២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2020 ក+ ក-

ចិន ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ចុង​សប្តាហ៍​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១២ នាក់​នៅក្នុង​ខេត្ត Sichuan ភាគ​និរតី​ប្រទេស​ចិន ខណៈ​ទឹក​កំពុង​ឡើង​បាន​បណ្តាល​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ជាច្រើន​ក្នុង​រដូវ​ទឹកជំនន់​ប្រចាំឆ្នាំ។ ចំនួន​អ្នកស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង​ខ្លាំង​នៅក្នុង​ស្រុក Mianning រួមមាន​មនុស្ស ២ នាក់​បាន​ស្លាប់​នៅពេលដែល​រថយន្ត​ជាច្រើន​គ្រឿង​បាន​ហូរ​ចូល​ទន្លេ បន្ទាប់ពី​ទឹកជំនន់​បាន​បំផ្លាញ​ផ្លូវ​ហាយវ៉េ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ​បាន​និយាយថា មនុស្ស ១០ នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន ហើយ​មនុស្ស​ជាង ៧ ពាន់​នាក់​ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​របស់​ពួកគេ។ យោងតាម​ក្រសួង​គ្រប់គ្រង​គ្រាអាសន្ន​បាន​ឲ្យ​ដឹងថា ភាគខាងត្បូង​ប្រទេស​ចិន​ត្រូវបាន​ទទួលរង​នូវ​ការវាយប្រហារ​ដោយ​ព្យុះភ្លៀង​ដែល​បង្ក​ជាការ​បាក់​ដី និង​ទឹកជំនន់​ចាប់តាំងពី​ដើមខែ​មិថុនា​មក​ដោយ​យ៉ាងហោចណាស់​មាន​មនុស្ស ៧៨ នាក់​បាន​ស្លាប់។ មនុស្ស ១២ លាន​នាក់​ផ្សេងទៀត​បាន​រង​ផលប៉ះពាល់​ដោយ​ការខូចខាត​ទ្រព្យសម្បត្តិ ការបិទផ្លូវ និង​ការរំខាន​ផ្សេងៗ​ទៀត ខណៈដែល​ប្រជាជន ៧២០,០០០ នាក់​ត្រូវបាន​ជួយសង្គ្រោះ ឬ​ផ្លាស់​ទីលំនៅ​ពី​ទឹកជំនន់​ដោយ​បុគ្គលិក​គ្រាអាសន្ន។​

​ក្រសួង​បាន​ឲ្យ​ដឹង​ទៀតថា រដូវ​ទឹកជំនន់​បាន​បង្ក​ការខាតបង់​ផ្នែក​សេដ្ឋកិច្ច​ចំនួន ២៥.៧ ពាន់​លាន​យ័ន (៣.៦ ពាន់​លាន​ដុល្លារ​) ដែលជា​ផលប៉ះពាល់​មួយ​បន្ថែមទៀត​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក បន្ទាប់ពី​ទទួលរង​ពី​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា​រួចទៅហើយ។​

​នៅក្នុង​ក្រុង Chongqing នៅក្បែរនោះ​កម្រិត​ទឹកបាន​ឡើង​ជាង​ប្រាំ​ម៉ែត្រ​ពីលើ​ខ្សែ​សុវត្ថិភាព​ទឹកជំនន់​ដោយ​បង្កើត​កំណត់ត្រា​ថ្មី។ ក្រសួង​គ្រប់គ្រង​គ្រាអាសន្ន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា រដ្ឋាភិបាលកណ្តាល​រប​ស់​ប្រទេស​ចិន​គ្រោង​នឹង​ចំណាយ​ប្រាក់​យ៉ាងតិច ២០០ លាន​យ័ន​សម្រាប់​ឧបករណ៍​សង្គ្រោះ​ទឹកជំនន់​រួមទាំង​តង់ និង​គ្រែ​សម្រាប់​អ្នក​ដែល​ត្រូវ​ជម្លៀស​ផងដែរ៕