WHO ៖ ជំងឺ​រាតត្បាត​កូ​វីដ​១៩ នៅមិនទាន់​ជិត​ដល់ទី​បញ្ចប់​នៅឡើយ​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2020 ក+ ក-

ហ្សឺ​ណែវ ៖ ប្រធាន​នៃ​អង្គការ​សុខភាព​ពិភពលោក​លោក Tedros Adhanom Ghebreyesus បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ទី​២៩ ខែមិថុនា​ថា ជំងឺ​រាតត្បាត​កូ​វីដ​១៩​នៅ​មិនទាន់​ជិត​ដល់ទី​បញ្ចប់​នៅឡើយ​ទេ ខណៈ​ប្រទេសមួយ​ចំន​មួយ​កំពុង​បន្ត​រីក​រាលដាល​។​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​លោក Tedros បាន​កត់សំគាល់ថា​ក្នុង​រយៈពេល​៦​ខែ​បន្ទាប់ពី​ប្រទេស​ចិន​បាន​ជូនដំណឹង​ដល់​អង្គការ​សុខភាព​ពិភពលោក ទើបតែ​លោតរំលង​តួលេខ ១០​លាន​នាក់ ខណៈ​មនុស្ស​ស្លាប់​កើន​ដល់​ជាង​កន្លះ​លាន​នាក់​។ ជុំវិញ​បញ្ហា​ដែល​ចេះតែ​បន្តទៅ​មុខ​នេះ លោក​ប្រធាន WHO បាន​លើកឡើងថា «​មនុស្ស​ភាគច្រើន​នៅតែ​ងាយ​ទទួលរង​គ្រោះ ព្រោះ​វីរុស​នេះ​នៅមាន​ចន្លោះ​ទំនេរ​ជាច្រើន ដែល​វា​អាច​បន្ត​រាតត្បាត​»​។​

​លោក Tedros បាន​ឲ្យ​ដឹងថា យើងទាំងអស់គ្នា​ចង់អោ​យ​វីរុស​នេះ​ផុតរលត់ ។ យើងទាំងអស់គ្នា​ចង់​ធ្វើឱ្យ​ជីវិត​របស់​យើង​មាន​ភាពប្រសើរឡើង​។​ប៉ុន្តែ​វា​ពិតជា​លំបាក​ព្រោះ​គឺថា​វីរុស​នេះ​មិនទាន់​ខិត​ទៅជិត ទីបញ្ចប់​នៃ​ជំងឺ​រាតត្បាត​សកល​នេះ​នៅឡើយ​ទេ​។​បើទោះបីជា​ប្រទេសមួយ​ចំនួន បានបង្ហាញ​សញ្ញា​វិជ្ជមាន​នៃ​ការទប់ស្កាត់​ក្តី ប៉ុន្តែ​អ្វីដែល​ជាការ​ពិត គឺ​ជំងឺ​រាតត្បាត​សកល​នេះ កាន់តែ​បង្កើនល្បឿន​នៃ​ការ​រាតត្បាត​។​

​ប្រធាន​កម្មវិធី​ផ្នែក​សង្គ្រោះបន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក​លោក Mike Ryan បាន​ប្រាប់​សន្និសីទកាសែត​ថា​ការរីកចម្រើន​ដ៏​ធំធេង​ត្រូវបាន​ធ្វើឡើង​ឆ្ពោះទៅរក​វ៉ាក់សាំង​ដែលមាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ដើម្បី​ការពារ​ការឆ្លង​ប៉ុន្តែ​នៅតែ​មិន​មានការ​ធានាថា​កិច្ចខិតខំ​ប្រឹងប្រែង​នឹង​ទទួលជោគជ័យ​នោះទេ​។ លោក​បាន​និយាយថា​ក្នុងពេល​បច្ចុប្បន្ននេះ​ប្រទេស​នានា​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​តាមរយៈ​ការធ្វើ​តេ​ស្តិ៍​,​និង​វី​ធាន​ការណ៍​ដាក់​ឡែក ដែល​បានបញ្ជាក់​និង​តាមដាន​ទំនាក់ទំនង​របស់​ពួកគេ​ធ្លាប់​ប៉ះពាល់​អ្នកជំងឺ​តែប៉ុណ្ណោះ​។​

គួរ​បញ្ជាក់ថា ប្រទេស​ដែល​ធ្លាប់តែ​បានធ្វើការ​ទប់ស្កាត់ COVID-19 ប្រកបដោយ​ជោគជ័យ​ដូចជា ចិន កូរ៉េខាងត្បូង និង​អូស្ត្រាលី ត្រូវបាន​គេ​មើលឃើញថា បាន​ផ្ទុះ​ករណី​ឆ្លង​ជា​ចង្កោមៗ​ឡើងវិញ ដែលជា​ហេតុ​នាំ​ឲ្យ​វឌ្ឍនភាព​នៃ​ការប្រយុទ្ធ​នឹង​វីរុស​នេះ មាន​ភាពស្រពិចស្រពិល​៕