តុលាការអ៊ីរ៉ង់ចេញដីការចាប់ខ្លួនលោក ត្រាំ ជុំវិញការធ្វើឃាតមេមេបញ្ជាការកំពូលរបស់ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2020 ក+ ក-

អ៊ីរ៉ង់ ៖ តលការប្រទេសអ៊ីរ៉ង់បានសម្រេចចេញដីកាចាប់ខ្លួន និងបានស្នើស្ថាប័នប៉ូលិសអន្តរជាតិ Interpol ឲ្យជួយដើម្បីចាប់លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក និងមនុស្សរាប់សិបនាក់ទៀត ដែលមានជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតលោក Qassem Soleimani ជាមេទ័ពកំពូលម្នាក់របស់អ៊ីរ៉ង់ នៅឯទីក្រុងបាកដាដនៃប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌ មាន Aljazeera ។

ប្រមុខរដ្ឋអាជ្ញានៃទីក្រុងតេហេរ៉ង់ លោក Ali Alqasimehr កាលពីថ្ងៃចន្ទនេះ បាននិយាយថា លោក ត្រាំ និងបុគ្គលជាង៣០នាក់ទៀត ដែលមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដោយយន្តហោះដ្រូនកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ដែលបានផ្តាច់ជីវិតលោក Soleimani គឺ ត្រូវចោទប្រកាន់ពីបទឃាតកម្ម និងភេរវកម្ម។

បើតាមលោក Ali អ៊ីរ៉ង់បានចេញដីកាចាប់ខ្លួនលោក ត្រាំ និងបុគ្គលពាក់ព័ន្ធដទៃទៀត ហើយឈ្មោះពួកគេត្រូវបានបញ្ជូនទៅកាន់ស្ថាប័ន Interpol ដែលមានមូលដ្ឋាននៅទីក្រុង Lyon នៃប្រទេសបារាំងថែមទៀតផង។ អ៊ីរ៉ង់ដែលជាសមាជិក Interpol ដែរនោះ បានស្នើឲ្យខាង Interpol ចេញសេចក្តីប្រកាស «ពណ៌ក្រហម» ជាការអំពាវនាវឲ្យចាប់ខ្លួន។

រដ្ឋអាជ្ញាក្រុងតេហេរ៉ង់បាននិយាយថា «លោក ត្រាំ និងមនុស្ស៣៥នាក់ផ្សេងទៀត ប្រឈមនឹងការចោទប្រកាន់ពីបទឃាតកម្ម និងអំពើភេរវកម្ម ហើយបានស្នើឲ្យប៉ូលិសអន្តរជាតិអាំងទែប៉ូល (Interpol) ជួយចាប់ខ្លួន»។

សូមរម្លឹកថា យោធាអាមេរិកបានសម្លាប់លោក Soleimani និងបុគ្គលប៉ុន្មានរូបទៀត ដោយប្រើយន្តហោះដ្រូន នៅក្បែរអាកាសយានដ្ឋាន អន្តរជាតិបាកដាដ។ ការវាយប្រហារនេះ បានធ្វើឲ្យអ៊ីរ៉ង់បាញ់មីស៊ីលស្រោចលើមូលដ្ឋានទ័ពអាមេរិក នៅប្រទេសអ៊ីរ៉ាក់ដែលបណ្តាលឲ្យទាហានអាមេរិកមួយចំនួនរងរបួស៕