វេណេហ្សុយអេឡា បណ្តេញ​ទូត EU ចេញពី​ប្រទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2020 ក+ ក-

វេណេហ្សុយអេឡា ៖ លោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតី​វេណេហ្សុយអេឡា បាន​បញ្ជាឱ្យ​លោក Brilhante Pedrosato ឯកអគ្គរដ្ឋទូតសហភាព​អឺរ៉ុប ចេញពីប្រទេស​ក្នុងរយៈពេល ៧២ម៉ោង បន្ទាប់ពី EU បាន​ដាក់ទណ្ឌកម្ម​លើមន្រ្តី​វេណេហ្សុយអេឡា។ លោកថ្លែងដូច្នេះ តាមកញ្ចក់ទូរទស្សន៍​កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០២០។ នេះបើយោងតាមសារព័ត៌មាន Sputnik។

លោក​ថ្លែង​បញ្ជាក់​ដូច្នេះថា៖ «ខ្ញុំបាន​សម្រេច​ចិត្ត​ទុកពេល ៧២ម៉ោង ឱ្យ​ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចាកចេញពីប្រទេស។ វាគ្រប់គ្រាន់ហើយ​ចំពោះ​អាណានិគម​របស់​អឺរ៉ុប មកលើ​វេណេហ្សុយអេឡា»។ លោក Pedrosato ត្រូវបានអនុញ្ញាតឱ្យជិះយន្តហោះចាកចេញពីប្រទេស។

សូម​ជម្រាប​ថា ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​លើមន្រ្តី​វេណេហ្សុយអេឡា ១១នាក់ រួមមាន សមាជិកសភា, ចៅក្រម និង​យោធាជាន់ខ្ពស់ ដែល​ធ្វើសកម្មភាព​ប្រឆាំង​នឹងសភាដែលគ្រប់គ្រងដោយ​បក្សប្រឆាំង។ ទណ្ឌកម្ម​នោះ មានដូចជា​ការហាមឃាត់​ការធ្វើដំណើរ និង​ការបង្កក​ទ្រព្យសម្បត្តិជាដើម។ រហូត​មកទល់​ពេលនេះ មន្រ្តី​វេណេហ្សុយអេឡា ៣៦នាក់ហើយ ដែល​រងការដាក់ទណ្ឌកម្ម៕