ឆមាសទី១ឆ្នាំនេះ កម្ពុជានាំចេញអង្ករជិត៤០ម៉ឺនតោនកើនឡើង៤១%
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2020 ក+ ក-

ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០ កម្ពុជានាំចេញអង្ករសម្រេចបាន ៣៩៧,៦៦០តោន កើនឡើង១១៦,១២២ តោន ស្មើនឹង៤១.២៥% ដែលធៀបទៅនឹងរយៈពេល ៦ខែដើមឆ្នាំ២០១៩ មានចំនួន ២៨១,៥៣៨តោន។ នេះបើតាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោកឲ្យដឹងទៀតថា សម្រាប់ខែមិថុនា ឆ្នាំ២០២០ សម្រេចការនាំចេញអង្ករបាន ចំនួន៤១,៥៦៣ តោន កើនឡើងចំនួន ១០,១៩៧តោន ស្មើនឹង ៣២.៥១% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤១,៨៦៤តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៨,៧៥២ តោន, អង្ករចំហ៊ុយមានចំនួន ៩២៤តោន និងអង្ករក្រហមមានចំនួន២៣តោន។

លោក វេង សាខុន បានបញ្ជាក់ទៀតថា ប្រទេសដែលបានបញ្ជាទិញអង្ករ ពីកម្ពុជាក្នុងរយៈពេល៦ខែនេះ មានចំនួន៥៦ប្រទេស៖ នៅក្នុងសហភាពអឺរ៉ុបមានប្រទេសចំនួន២៤ ក្នុងចំណោម២៨ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនឹងនៅទ្វីបដទៃទៀតចំនួន២៥ ប្រទេស។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន៥ ក្នុងចំណោម៦៦ ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ។

សូមបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ សហភាពអឺរ៉ុបកើនឡើងចំនួន ៤៥.១៩%, ប្រទេសចិនកើនចំនួន២៥.២០%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន៤៧.៦៩% និងគោលដៅដទៃទៀតបានកើនឡើងចំនួន ៧៩.២៦%៕