ក្រសួងសុខាភិបាល ៖ ថ្ងៃនេះអ្នកជំងឺកូវីដ១៩ម្នាក់ទៀតបានជាសះស្បើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ១៩ម្នាក់ទៀតហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយឡើងវិញ សរុប១៣១នាក់ហើយ នៅសល់តែ ១០នាក់ទៀតប៉ុណ្ណោះកំពុងសម្រាកព្យាបាល។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដែលទទួបានមុននេះបន្តិច។

ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសដែលព្យាបាលឱ្យជាសះស្បើយឡើងវិញនេះ ជាជនជាតិឥណ្ឌូនេស៊ី អាយុ២២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រសួងបានឱ្យដឹងថា បន្ទាប់ពីសម្រាកព្យាបាលអស់មួយរយៈ បុរសរូបនេះត្រូវបានពិនិត្យមិនឃើញមានមេរោគកូវីដ១៩ ចំនួនពីរដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅនេះ។

សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៤១នាក់។ ប៉ុន្តែអ្នកជំងឺសរុប ១៣១នាក់ហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ នៅសល់តែ ១០នាក់ទៀតប៉ុណ្ណោះកំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីកងទ័ពអាវសដ៏អង់អាចរបស់កម្ពុជា៕