សម្តេច ស ខេង ៖ ឆមាសទី១ ឆ្នាំនេះគ្រោះថ្នាក់ចរាចរណ៍ថយចុះគួរកត់សម្គាល់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2020 ក+ ក-

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ពីលទ្ធផលប្រកបដោយភាពវិជ្ជមាននៃបញ្ហាចរាចរណ៍ក្នុងរយៈពេល១ឆមាសឆ្នាំ២០២០នេះ គឺការគ្រោះថ្នាក់ មានការថយចុះគួរកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំមុន និងមុនពេលមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចក្រឡាហោម បានបង្ហាញទិន្នន័យជាផ្លូវការថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងរយៈពេល១ឆមាស (ពីថ្ងៃទីខែមករា រហូតដល់ថ្ងៃទី៣០ខែមិថុនា)ឆ្នាំ២០២០នេះ បើប្រៀបធៀបឆមាសទី១ឆ្នាំ២០១៩ គឺចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ៥៥២លើក ស្មើ ២៥%(១៦១៩លើ២១៧១លើក) ចំនួនមនុស្សស្លាប់ថយចុះ ១៧២នាក់ ស្មើនឹង១៧% (៨៦១លើ១០៣៣នាក់) ចំនួនអ្នករងរបួសថយចុះ ៧៧៨នាក់ស្មើនឹង២៤% (២៤៤៩លើ៣២២៧នាក់)។

ដូចគ្នានេះដែរ បើប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍រយៈពេល២ខែ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺខែឧសភា និងខែមិថុនាឆ្នាំ២០២០ ធៀបនឹងខែឧសភា និងខែមិថុនាឆ្នាំ២០១៩ គឺគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ ២៣៣លើក ស្មើនឹង៣៤% (៤៥៧លើ៦៩០លើក) ចំនួនមនុស្សស្លាប់មានការថយចុះ ៧៩នាក់ ស្មើនឹង២៥% (២៤១លើ៣២០នាក់) និងអ្នករងរបួស បានថយចុះ២៣៣នាក់ស្មើនឹង២៣% (៧៦៦លើ៩៩៩នាក់)។
តាមទិន្នន័យបញ្ជាក់ខាងលើនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋពិតជាមានការយល់ដឹង និងបានចូលរួមគោរពច្បាប់ចរាចរណ៍កាន់តែច្រើននៅពេលប្រទេសជាតិ មានការរីកចម្រើន មានកំណើនយានយន្តធ្វើដំណើរ និង កំណើនអ្នកបើកបរក៏ដោយ តែគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ។

លទ្ធផលវិជ្ជមាននេះ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្តេច បានថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ផ្លូវថ្នល់ដែលបានចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងខ្ជាប់ខ្ជួន និងអរគុណដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនបានល្អប្រសើរ។ សូមថ្លែងអំណរគុណចំពោះគ្រប់បណ្តាញសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និង អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមផ្សព្វផ្សាយ និង អប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោកនេះជូនប្រជាពលរដ្ឋផងដែរ។

សម្តេចឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់ជនរួមជាតិបន្តចូលរួមផ្តល់ជាមតិយោបល់ក្នុងន័យស្ថាបនា និងកែលម្អថែមទៀតដើម្បីបន្តការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែល្អប្រសើរឡើង គឺមានន័យថាអត្រាគ្រោះថ្នាក់ចរាចរណ៍ នឹងកាន់តែថយចុះ ចំនួនអ្នកស្លាប់កាន់តែតិច សណ្តាប់ធ្នាប់សាធារណៈកាន់តែមានរបៀបរៀបរយល្អប្រសើរ សមជាប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជាប្រជាជាតិស៊ីវិល័យ។

ជាមួយគ្នានេះ សម្តេចសូមក្រើនរំលឹកថែមទៀតដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ត្រូវតែបន្តការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យឲ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ត្រូវកាត់បន្ថយ ឬលប់បំបាត់ឲ្យបាននូវបាតុភាពអវិជ្ជមានផ្សេងៗ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ៕