ខេត្តរតនគិរីៈ ទីតាំងស្តុកឈើប្រណីតខុសច្បាប់របស់ជនជាតិវៀតណាមមួយកន្លែងត្រូវព្រះរាជអាជ្ញារងសាលាដំបូងខេត្តដឹកនាំកម្លាំងចម្រុះបើកយុទ្ធនាការចុះបង្ក្រាប នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ នេះ រឹបអូសបានឈើប្រណីតរាប់រយកំណាត់។
ទីតាំងស្តុកឈើដ៏ច្រើនលើសលុបនេះ ត្រូវគេស្គាល់ម្ចាស់ផ្ទះឈ្មោះ ស៊ុន សុខ (ហៅបេ) ជាជនជាតិវៀតណាម ស្ថិតនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ដែលបើកធ្វើអាជីវកម្មកែច្នៃឈើប្រណីតខុសច្បាប់ និងបានទិញដីចំនួន៣កន្លែងផ្សេងទៀតសំរាប់ស្តុកឈើប្រណីតប្រភេទលេខមួយដូចជា ធ្នង់ និងឈើប្រណីតផ្សេងទៀតនៅក្នុងខេត្តរនគីរីយ៉ាងអនាធិបតេយ្យ។
មន្ត្រីសមត្ថកិច្ចមួយរូបសុំមិនបង្ហាញឈ្មោះបានឲ្យដឹងថា ជនជាតិវៀតណាម ខាងលើនោះគឺជាមេឈ្មួញរកស៊ីជំនួញឈើប្រណីតខុសច្បាប់ជាច្រើនឆ្នាំមកហើយ កន្លងមកក៏ធ្លាប់ត្រូវសមត្ថកិច្ចបង្ក្រាបចំនួន៣លើករួចមកហើយ ប៉ុន្តែជនល្មើសរូបនេះនៅតែមិនរាងចាលឡើយ សង្ស័យមានអ្នកធំធ្វើជាខ្នងបង្អែកក្នុងខេត្តរតនគិរីនៅកាងពីក្រោយ ទើបឈ្មួញជនជាតិវៀតណាមអាចរកស៊ីល្មើសច្បាប់យ៉ាងគឃ្លើនបែបនេះជាច្រើនឆ្នាំមកហើយ។
ជាក់ស្តែងនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ទីតាំងស្តុកឈើក្នុងផ្ទះវៀតណាមខាងលើនេះ ត្រូវកម្លាំងជំនាញរដ្ឋបាលព្រៃឈើផ្នែកលំផាត់សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្នងការខេត្ត កងរាជអាជអាវុធហត្ថក្រុងបានលុង ដឹកនាំដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចុះឆែកឆេរទីតាំងស្តុកឈើមួយកន្លែង និងរឹបអូសវត្ថុតាងឈើប្រណីតប្រភេទធ្នង់ចំនួនជាងពីរគោយន្តកែច្នៃ និងរថយន្តស៊េរីទំនើបពីគ្រឿងទៀត នៅក្នុងរថយន្តដាក់ឈើប្រណីតពេញបន្ទុក ដែលគេដឹងថាបម្រុងដឹកយកទៅលក់នៅប្រទេវៀតណាម។ ប៉ុន្តែមិនដឹងជាមានមូលហេតុអ្វីពិតប្រាកដនោះទេ ទើបបានជាត្រូវសមត្ថកិច្ចចុះបង្ក្រាប និងរឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីអោយម្ចាស់ចូលខ្លួនទៅដោះស្រាយ និងផាកពិន័យទៅតាមផ្លូវច្បាប់ព្រៃឈើបែបនេះទៅវិញ៕
ដោយ:ឡុង សារ៉េត