អេស្ប៉ាញបិទតំបន់មួយទៀតសាជាថ្មី បន្ទាប់ពីការកើនឡើងនៃករណីឆ្លងវីរុសកូវីដ១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2020 ក+ ក-

អេស្ប៉ាញ ៖ ក្រុមមន្រ្តីនៅតំបន់ហ្គាលីស្សា (Galicia) ស្ថិតនៅភាគពាយព្យនៃប្រទេសអេស្ប៉ាញ បានដាក់ចេញនូវវិធានការរឹតបន្តឹងការដើរហើរឡើងវិញក្នុងសង្កាត់មួយដែលមានពលរដ្ឋរស់នៅប្រហែល៧ម៉ឺននាក់បន្ទាប់ពីមានការផ្ទុះឡើងនៃករណីឆ្លងវីរុសកូវីដ១៩។ មានតែអ្នកដែលត្រូវធ្វើដំណើរទៅធ្វើការប៉ុណ្ណោះដែលនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញ ឬចូលសង្កាត់ម៉ារីណា (Marina) ចាប់ពីថ្ងៃចន្ទនេះរហូតដល់ថ្ងៃសុក្រ។

ចំណាត់ការនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីតំបន់កាតាឡូនីញ៉ា (Catalonia) ដែលស្ថិតនៅភាគឦសានប្រទេសអេស្ប៉ាញបានដាក់ចេញនូវវិធានស្រដៀងគ្នានេះដែរក្នុងមូលដ្ឋានរបស់ខ្លួន។

បច្ចុប្បន្នបើគិតជារួមការផ្ទុះឡើងនៃករណីឆ្លងវីរុសកូវីដ១៩ក្នុងប្រទេសអេស្ប៉ាញកំពុងស្ថិតនៅក្រោមការគ្រប់គ្រង។ ប្រទេសអេស្ប៉ាញមានអ្នកឆ្លងវីរុសកូវីដ១៩ជិត៣សែននាក់ដោយក្នុងនោះមានអ្នកស្លាប់២៨,៣៨៥នាក់។ ប៉ុន្តែចំនួនស្លាប់ប្រចាំថ្ងៃមិនឡើងលើសដប់នាក់ទេអស់រយៈពេល៣សប្តាហ៍មកហើយ។

សូមជម្រាបថា អេស្ប៉ាញបានចាប់ផ្ដើមបើកព្រំដែនរបស់ខ្លួនជាមួយបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងសហភាពអឺរ៉ុប រួមទាំងអង់គ្លេសផងដោយរំពឹងថានឹងមានការកើនឡើងនៃការធ្វើដំណើរក្នុងថ្ងៃឈប់សម្រាកប្រចាំរដូវក្តៅនេះ៕