អ្នកវិទ្យាសាស្ត្រ​ស្នើ​ឲ្យ WHO ពិនិត្យឡើងវិញ​នូវ​លទ្ធភាព​ដែល COVID-19 ឆ្លងតាម​ខ្យល់អាកាស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2020 ក+ ក-

បរទេស ៖ អ្នកវិទ្យាសាស្ត្រ​រាប់រយ​នាក់​និយាយថា មាន​ភ័ស្តុតាង​ដែលថា​វីរុស​កូ​រ៉ូ​ណា​ក្នុង​ភាគល្អិត​តូចៗ​នៅលើ​អាកាស អាច​ឆ្លងទៅ​មនុស្ស ហើយ​បាន​អំពាវនាវ​ឱ្យ​អង្គការ​សុខភាព​ពិភពលោក​ពិនិត្យឡើងវិញ​នូវ​អនុសាសន៍​ឬ​ការណែនាំ​របស់ខ្លួន​។ នេះ​បើតាម​ការចេញផ្សាយ​ទីភ្នាក់ងារសារព័ត៌មាន CNA​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ​ជំងឺ COVID-19 អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត តាមរយៈ​តំណក់​ទឹកតូច​ចេញពី​ច្រមុះ ឬ​មាត់ នៅពេលដែល​អ្នកមាន​ផ្ទុក​ជំងឺ​នេះ​កណ្ដាស់ ក្អក​ឬ​និយាយ​។​

​នៅក្នុង​លិខិត​ចំហ​មួយច្បាប់​ផ្ញើជូន WHO របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ ២៣៩​នាក់​មកពី​ប្រទេស​ចំនួន​៣២ ដែល​គ្រោង​នឹង​ចេញផ្សាយ​ការសិក្សា​ថ្មី​មួយ នៅ​សប្ដាហ៍​ក្រោយនេះ​បានឱ្យដឹងថា មាន​ភស្ដុតាង​ថ្មី​បន្ថែមទៀត អាច​បញ្ជាក់បាន​ថា ភាគល្អិត​តូចៗ​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី (COVID-19) នៅក្នុង​ខ្យល់អាកាស ក៏​អាច​ចម្លង​ដល់​មនុស្ស​ផងដែរ នៅពេល​ស្រូប​វា​ចូល​។ ​នេះ​បើ​យោងតាម​ការ​ដង​ស្រង់​របស់​ទីភ្នាក់ងារសារព័ត៌មាន New York Times​។​

យ៉ាងណាមិញ​ជុំវិញ​បញ្ហា​នេះ WHO មិនទាន់​ធ្វើការ​អត្ថា​ប្បាយ​អ្វី​ឡើយ​នៅទេ តែ​កាលពី​ពេលមុន ទីភ្នាក់ងារ​សុខាភិបាល​អង្គការសហប្រជាជាតិ​មួយ​នេះ ធ្លាប់បាន​បញ្ជាក់ថា ភស្តុតាង​ដែល​ក្រុម​អ្នកស្រាវជ្រាវ​រកឃើញថា វីរុស​កូ​រ៉ូ​ណា​ថ្មី​អាច​រស់នៅ ឬ​ចម្លង​ទៅ​មនុស្ស​តាម​ខ្យល់អាកាស មិនទាន់មាន​ភាព​ប្រា​ដក​ជា ឬ​អាច​ជឿជាក់​បាន​ទាំងស្រុង​នោះទេ​៕