រឿងដីធ្លីស្រុកគាស់ក្រឡ ៖ តុលាការបន្តសាកសួរអភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ព្រឹកនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2020 ក+ ក-

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយបាននាំខ្លួនលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ដែលជាឈ្មួញដីធ្លីម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាថ្មីម្តងទៀត ដើម្បីឱ្យតំណាងអយ្យការបន្តបើកការសាកសួរ អំពីករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សំណុំរឿងនេះ ស្ថិតនៅក្រោមការសាកសួររបស់ លោក សឿន មុន្នីរត្ន័ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែក្នុងការសាកសួររយៈពេល១ថ្ងៃពីម្សិលមិញនេះ តុលាការនៅមិនទាន់ចោទប្រកាន់អ្នកទាំងពីរនៅឡើយទេ។

សូមបញ្ជាក់ថា វិវាទដីធ្លីនៅស្រុកគាស់ក្រឡរវាងឧកញ៉ា សង ថន និងប្រជាពលរដ្ឋបានក្លាយជាព្រឹត្តិការណ៍កក្រើក និងចាប់អារម្មណ៍ខ្លាំងក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរ។ វិវាទដីធ្លីនេះ នាំឱ្យសម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចប់តំណែងអភិបាលស្រុកគាស់ក្រឡលោក ម៉ៅ សុចាន់។

ជាមួយគ្នានេះ លោកឧកញ៉ា សង ថន និងអភិបាលរងខេត្តបាត់ដំបង គឺលោក ស៊ូ រ៉ាហ្វាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ហៅមកសួរនាំផងដែរ កាលពីព្រលប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីលោកឧកញ៉ា សង ថន ដែលត្រូវបាន ACU នាំខ្លួនទៅសាកសួរក្នុងសំណុំរឿងមួយនេះផងដែរ កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ និងក៏ដកតួនាទីអភិបាលស្រុកកោះក្រឡពីតួនាទីផងដែរ។

ចំពោះការនាំខ្លួន លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ដោយACUនេះ ដោយសារលោកធ្លាប់ជាប្រធានគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡ នេះតែម្តង។ ចំណែកលោកឧកញ៉ា សង ថន គឺជាបុគ្គលតែម្នាក់ដែលមានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡទាំងមូល។ រីឯលោក ម៉ៅ សុចាន់ អភិបាល ស្រុកគាស់ក្រឡ ក៏ត្រូវបានដកតួនាទីឱ្យទៅបម្រើការងារនៅសាលាខេត្តបាត់ដំបងវិញ៕