ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ធ្វើតេស្ដវិជ្ជមាន COVID-19
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2020 ក+ ក-

ប្រេស៊ីល ៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ត្រូវបានតេស្ដវិជ្ជមាន COVID-19 នៅថ្ងៃអង្គារនេះ បន្ទាប់ពីលោកត្រូវបានគេ រាយការណ៍ថា មានរោគសញ្ញាគួរសង្ស័យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC។

លោក Bolsonaro ដែលចាត់ទុកថា COVID-19 គឺជាជំងឺផ្ដាសាយកំប៉ិកកំប៉ុក បានប្រាប់អ្នកសារព័ត៌មានថា លោកចាប់ផ្ដើមមានអារម្មណ៍មិនស្រួលខ្លួនតាំងតែ ពីថ្ងៃអាទិត្យមកម្ល៉េះ។ បន្ថែមពីលើនេះប្រធានាធិបតីប្រេស៊ីលរូបនេះ ក៏បានអះអាងដែរថា លោកកំពុងលេបថ្នាំ hydroxychloroquine ដើម្បីព្យាបាល COVID-19 ប៉ុន្តែក្រុមអ្នកជំនាញ និងអង្គការសុខភាពពិភពលោក WHO សុទ្ធតែធ្លាប់បានព្រមានពីហានិភ័យដល់អាយុជីវិត នៃការប្រើប្រាស់ថ្នាំនេះ។

លោក Bolsonaro កាលពីថ្ងៃចន្ទបានប្រាប់ក្រុមអ្នកគាំទ្រ នៅខាងក្រៅវិមានប្រធានាធិបតីថា លោកបានធ្វើដំណើរទៅកាន់មន្ទីរពេទ្យ និងទទួលការធ្វើតេស្ដរក COVID-19 ហើយលទ្ធផលពិនិត្យតាមកាំរស្មីអិចបញ្ជាក់ថា សួតរបស់លោកមានសភាពប្រក្រតី និងត្រូវរង់ចាំលទ្ធផលផ្លូវការ ពីការធ្វើតេស្ដ COVID-19 នៅថ្ងៃអង្គារ។

បើតាមទិន្នន័យផ្លូវការគិតត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ ប្រេស៊ីលបានករណីឆ្លង COVID-19 ច្រើនជាង ១.៦លាននាក់ ក្នុងនោះស្លាប់ ៦៥,០០០នាក់។ ប្រេស៊ីលបច្ចុប្បន្ន នៅតែជាប្រទេសមានករណីឆ្លង COVID-19 ច្រើនបំផុតលំដាប់លេខ ២ លើលោកបន្ទាប់ពីសហរដ្ឋអាមេរិក៕