អភិបាលរាជធានីភ្នំពេញបញ្ជាឲ្យម្ចាស់ដែលចាក់ដីរំលោភចូលប្រឡាយលូប្រាំ កាយដីចេញជាបន្ទាន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2020 ក+ ក-

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញព្រមានវិធានការធ្ងន់ធ្ងរចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ និងណែនាំឲ្យកាយដីរំលោភនេះចេញវិញ បើពុំដូច្នោះទេរដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការតាមផ្លូវច្បាប់។

ការព្រមានរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញបែបនេះធ្វើឡើងនៅពេលឯកឧត្តមដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានីយបូមទឹកលូប្រាំ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលបានសាងសង់រួចរាល់នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ។ លោកបានឲ្យដឹងថា ប្រឡាយបង្ហូរទឹកមានសារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋដោយវាអាចរំដោះទឹកលិចលង់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីក្រុងបានយ៉ាងប្រសើរ។

ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធអាជ្ញាធរដែនដី កំណត់ឲ្យបានច្បាស់ ពីដីសាធារណៈរបស់រដ្ឋ និងដីជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ខណៈដែលប្រឡាយខាងលើ ត្រូវបានប្រជាពលរដ្ឋមួយចំនួនសង់លំនៅដ្ឋានរំលោភយកជាមួយនឹងការចាក់ដីបំពេញប្រឡាយរំលោភយកជាកម្មសិទ្ធិផងដែរនោះ។ បន្ថែមលើនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបង្កើតឲ្យមានក្រុមការងារមួយដែលមានការចូលរួមពីការិយាល័យសូរិយោដីខណ្ឌ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដើម្បីចុះបាញ់ថ្នាំកំណត់ទីតាំងឱ្យបានច្បាស់នឹងធ្វើការណែនាំប្រជាពលរដ្ឋដែលរំលោភប្រឡាយខាងលើអោយរុះរើចេញ។

បើតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ប្រឡាយលូប្រាំនេះមានទទឹង៥០ម៉ែត្រ ដោយទុកផ្លូវសងខាង ហើយត្រូវបានប្រជាពលរដ្ឋចំនួន១១១គ្រួសាររំលោភយក ក្នុងនោះ នៅភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ចំនួន៣៥គ្រួសារ និងភូមិឬស្សី ២ចំនួន៧៦គ្រួសារ ។ ពួកគាត់ទាំងនេះបានសង់លំនៅដ្ឋានរំលោភនៅលើតួប្រឡាយតែម្ដង៕